មន្ត្រី​ជំនាញ​នាយកដ្ឋាន​ការពារ​សុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ របស់​ក្រសួង​មហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​ ករណី​ទទួល​ប្រាក់​ផ្ទេរ​ចូល​ច្រឡំ​តាម​ប្រព័ន្ធ​ធនាគារ​និង​គេចវេស​មិន​ព្រម​សង​ទៅ​ម្ចាស់​ដើម (ជនរងគ្រោះ)​ វិញ។ ករណី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សារធារណៈ​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៤ នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ។​

ប្រភព​បន្ថែម​ថា​ តាមរយៈ​មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បាន​ក្រើន​រំលឹក​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឌីជីថល​ទាំង​អស់​ថា ការ​ទទួល​បាន​ប្រាក់​តាម​រយៈប្រព័ន្ធ​ធនាគារ​ ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ (ការផ្ទេរ ឬទូទាត់ច្រលំ) ហើយ​មាន​ចេតនា​ទុច្ចរិត គេចវេស​មិន​ផ្ទេរ​ត្រឡប់​ជូន​គណនី​ម្ចាស់​ដើម​វិញ​ គឺ​ជា​អំពើ​លួច​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដទៃ​​។

បើ​តាម​និយមន័យ​នៃ​«បទល្មើសលួច» នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រកម្ពុជា ត្រង់​មាត្រា៣៥៣ បាន​កំណត់​ថា អំពីលួច គឺ​ជា​អំពើ​ដក​ហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យ​សម្បត្តិ​ ឬ​វត្ថុ​ផ្សេង​ទៀត​របស់​អ្នក​ដទៃ តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យក​មក​ធ្វើ​ជា​កម្មសិទិ្ធ​របស់​ខ្លួន។

ចំណែក​កម្រិត​នៃ​ទោស​ដែល​ត្រូវ​ផ្តន្ទាជន​បាន​ប្រព្រឹត្តបទ​ល្មើស «លួច» ត្រូវ​បាន​កំណត់ និង​បែងចែក​ខុសៗ​គ្នា​ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ តាម​រូបភាព​នៃ​អំពើ ឬ/និង ទំហំ​ព្យសនកម្ម ( ឬ ផល​ប៉ះពា​ល់) ដែល​កើត​ចេញ​ពី​អំពើ​លួចនោះ។ ទោស​ដែល​ត្រូវ​ផ្តន្ទា​សម្រាប់​បទល្មើស​លួច បាន​កំណត់ និង​បែងចែក​​​ដូចជា៖

មាត្រា៣៥៦៖​ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦ ខែ ទៅ ០៣ឆ្នាំ និងពិន័យជាប្រាក់ពី ១,មួយលានរៀល ទៅ ៦,ប្រាំមួយលានរៀល ។

មាត្រា៣៥៧៖ “ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា” អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៣ ឆ្នាំ ទី ១០ ឆ្នាំ ក្នុងករណីដូចតទៅ៖

១៖ អំពើលួចនេះ ប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។

២៖ អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។

ជាមួយ​គ្នា​នេះ​ដែរ​មន្ត្រី​ជំនាញ​នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បាន​ក្រើន​រំលឹក​សារ​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​ថា ប្រសិន​បើ​ទទួល​បាន​ប្រាក់​ពុំមាន​ប្រភព​ច្បាស់​លាស់​សូម​អនុវត្ត​តាម​ការ​ណែនាំ​​មួយ​ចំនួន​ដូចជា៖

១.ធ្វើ​សេចក្តី​រាយការណ៍​ជូន​នគរបាល​មាន​សមត្ថកិច្ច​អំពី​ប្រតិបត្តិការ និង​ចំនួន​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ផ្ទេរ​ច្រឡំ

២. ធ្វើការ​បញ្ជាក់ និង​ទូទាត់​ទៅ​គណនី​ម្ចាស់ដើម ដែល​បាន​ផ្ទេរ​ចូល ជៀសវាង​ផ្ទេរទៅ​គណនី​ទី​៣ ដែល​ធ្វើ​ឱ្យ​អ្នក​អាច​ចូលរួម​ក្នុង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ខុស​ច្បាប់​របស់​ជន​ខិលខូច។

អង្គភាព​ជំនាញ​បាន​បញ្ជាក់​ជា​ចុងក្រោយ​សូម​ឱ្យ​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ​ទាំង​អស់​គ្នា ដើម្បី​កាត់​បន្ថយ​បទល្មើស​បច្ចេកវិទ្យា​អោយ​មាន​ប្រសិទ្ធភាព៕

អត្ថបទ៖ លោក ម៉ឺន រស្មី

Share.