ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង​​ជើង​ឯក​អាស៊ី Asian Kickboxing Championship 2024 បាន​បិទបញ្ចប់​ដោយជោគជ័យ​កាល​ពី​រាត្រី​ថ្ងៃទី១៣ តុលា ២០២៤ ក្រោយ​ដំណើរ​ការប្រកួត​អស់​រយ:ពេល ៧ថ្ងៃរួច​មក ដោយ​កម្ពុជាឈ្នះមេដាយមាស ៩គ្រឿង ប្រាក់​ ៤គ្រឿង និងសំរិទ្ធ ២៨គ្រឿង សរុប​៤១គ្រឿង។

សម្រាប់​ជ័យ​ជម្នះ​មេដាយ​មាសទាំង ៩គ្រឿង​ដែល​កម្ពុជា ដណ្ដើម​បាន​រួម​មាន​កីឡាករ​ ដូច​ខាង​ក្រោម៖

១. កីឡាការិនី ឆា ចាន់ដេង បានក្លាយជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះដោយពិន្ទុដាច់លើ កីឡាការិនីឥណ្ឌា Khati Solomi ក្នុងវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1 -៤៨គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។

២. កីឡាការិនី ទូច ចាន់វត្តី បានដណ្តើមមេដាយមាស បន្ទាប់ពីឈ្នះកីឡាការិនៅឥណ្ឌូណេស៊ី Pieters Diandra Ariesta វិញ្ញាសា KL ទម្ងន់ -៥៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។

៣. កីឡាករ ភ័ណ្ឌ ចាន់ធី (ខាំ កូនខ្លា) បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការរណ៍ឃីកបុកស៊ីង ជើងឯកអាស៊ី បន្ទាប់ពីយកឈ្នះកីឡាករឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។

៤. កីឡាការិនី ទួន ស្រីពីន បានឈ្នះមេដាយមាស បន្ទាប់ពីផ្តួលកីឡាការិនីគុយវែត Alkharif Seham ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៣លើ វិញ្ញាសា K1-៥៦គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។

៥. នៅ ស្រីពៅ រំភើបឡើងស្រក់ទឹកភ្នែក សម្រាប់មេដាយមាសជូនជាតិ បន្ទាប់ពីឈ្នះកីឡាការិនីឥណ្ឌា Neelakandan Neena វិញ្ញាសា LC -៥៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។

៦. កីឡាករ ហ៊ឹម គឹមរៀង បានឈ្នះមេដាយមាស តាមរយៈជ័យជម្នះលើកីឡាករវៀតណាម Nguyen Ngoc Hoang ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសា LK-៥៤គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។

៧. កីឡាករ សុខ រិទ្ធ បានក្លាយជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាករថៃ Phrommakhot Netipong នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសា LK-៥១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។

៨. កីឡាករ ខាំ ខ្លានាង ក្លាយជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាករកាហ្សាស្ថាន Zhumabayev Nursultan ក្នុងវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។

៩. កីឡាករ ឆុង វិសាល ជាកីឡាករកម្ពុជាដំបូងឈ្នះមេដាយមាស ក្នុងព្រឹត្តិការរណ៍ឃីកបុកស៊ីង ជើងឯកអាស៊ី បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Nguyen Si Thang នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា FC -៥១គីឡូក្រាម នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤។

គួរ​បញ្ជាក់ថា កម្ពុជា បាន​រៀប​ចំធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង​​ជើង​ឯក​អាស៊ី Asian Kickboxing Championship 2024 ដោយ​បាន​ស្វាគមន៍កីឡាករជម្រើសជាតិជាង ៦០០នាក់ មកពី ២២ប្រទេសផ្សេងគ្នា ប្រកួតរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ១៣ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

Share.