យោងតាមលោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ជាថ្មីទៀត ដោយចេញការណែនាំដល់កងកម្លាំងនគរបាលជាតិ ដែលមានក្បាលពោះធំជ្រុល មិនឱ្យចេញធ្វើការខាងក្រៅទៀតទេ ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា។ អង្គភាព ត្រូវរៀបចំកងកម្លាំងដែលមានក្បាលពោះធំៗ ឱ្យធ្វើការក្នុងការិយាល័យ។ អ្នកចង់ចេញក្រៅ ឬបើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅ ត្រូវតែហាត់ប្រាណសម្រកក្បាលពោះ ឱ្យមើលទៅសមរម្យ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ទោះបីករណីនេះមន្ត្រីនគរបាលដែលមានក្បាលពោះធំ មានតិចតួច បើធៀបនឹងកម្លាំងសរុប តែឯកឧត្ដមអភិសន្តិបណ្ឌិត បានយកចិត្តទុកដាក់ និងផ្ដល់ការរំលឹក និងណែនាំជារឿយៗ តាំងពីដើមនីតិកាលថ្មីមក។
ដោយឡែក ពាក្យថា “ស្តង់ដា” ដែលឯកឧត្ដមអភិសន្តិបណ្ឌិតបានតម្រូវពេលនេះ គឺយ៉ាងហោចណាស់ឱ្យបាន “សមរម្យ” ពោលគឺសមភ្នែកមហាជន សមនឹងអាចអនុវត្តការងារបាន, មិនមែនធំលើតូចក្រោម ឬធាត់កំប៉ោងក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយ។
លោក រ៉េន រតនៈបញ្ជាក់ថា ឯកឧត្ដមអភិសន្តិបណ្ឌិតណែនាំបែបនេះ មិនមែនចង់បិទផ្លូវទេ គឺលោកផ្ដល់នូវជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារ ដែលមិនត្រឹមត្រូវជាដើម៕



