ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជន បានបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី មុខរបរជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: លើជនរងគ្រោះ១៨នាក់។

ករណីរំលោភបំពានផ្លូវភេទ លើកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ហើយកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានការប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានឃាត់ខ្លួនជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាំខ្លួនជនសង្ស័យមកសួរនាំកាលពីថ្ងៃទី១៥តុលា ខណៈសមត្ថកិច្ចបានរកឃើញកុមារីសិស្សសាលាជនជាតិខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ ត្រូវបានជនសង្ស័យប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ពោលគឺមានពីរនាក់បានមកដាក់ពាក្យបណ្ដឹង និងពីរនាក់ទៀតមិនដាក់បណ្តឹង ព្រមទាំងមានសាក្សី៤នាក់ផ្សេងទៀត បានបំភ្លឺផ្តល់ព័ត៌មាន។

សូមជម្រាបថា ជនសង្ស័យត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់លោកឧកញ៉ា សុះ កំ រី មេដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដោយកន្លងមកលោកឧកញ៉ារូបនេះ ក៏ធ្លាប់បាន បង្ហោះសារនៅក្នុងបណ្ដាញសង្គមដែលមានខ្លឹមសារថា៖«ខ្ញុំ..អ្នកឧកញ៉ា សុះ កំ រី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ ខ្ញុំបានឃើញពាក្យចចាមអារ៉ាម និងការចែកចាយតាមបណ្តាញសង្គម អំពីករណីសិស្សនារីត្រូវបានរំលោភបំពាននៅសាលារៀន អាន់នៀកម៉ះភ្នំពេញ ដែលមានពាក់ព័ន្ធដល់កូនប្រុសរបស់ខ្ញុំ ឈ្មោះ សូហៃមី ជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី។ បន្ទាប់ពីបានទទួលដំណឹងនេះ ខ្ញុំបានសាកសួរកូនប្រុសរបស់ខ្ញុំជាច្រើនលើក ដើម្បីរកការពិត ហើយគាត់បានបដិសេធថា គាត់មិនបានប្រព្រឹត្តដូចពាក្យចចាមអារ៉ាមនោះទេ ខ្ញុំគាំទ្រក្នុងការរកការពិត ដើម្បីផ្ដល់យុត្តិធម៌ជូនដល់ជនរងគ្រោះ»។

លោក សុះ កំរ៉ី ត្រូវបានអតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ចេញព្រះរាជក្រឹត្យតែងតាំង ជាឧកញ៉ា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៩៩ ។ ឧកញ៉ា សុះ កំរ៉ី ត្រូវបានអតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ចេញព្រះរាជក្រឹត្យតែងតាំង ជាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅថ្ងៃ០៧ ខែមេសា ឆ្នាំ២០០០ ។ ឧកញ៉ា សុះ កំរ៉ី ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទ៖ ចតុម្មុខ

