ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានផ្ញើសារទៅកាន់កីឡាករបាល់ទះដ៏ឆ្នើម សួន ចាន់ណារ៉ូ ថា សូមអរគុណអ្នកលើកបាល់ដ៏ឆ្នើម សួន ចាន់ណារ៉ូ ដែលបានចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងវិស័យបាល់ទះកម្ពុជា! លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមថាក្រោយចូលនិវត្តន៍ សួន ចាន់ណារ៉ូ នឹងវិវត្តន៍ខ្លួនទៅជាគ្រូបង្វឹក ឬ ថ្នាក់ដឹកនាំក្លិប នៅថ្ងៃខាងមុខ។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា បានប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទះអាជីព។ ដំណឹងនេះជារឿងសោកសៅរបស់មហាគ្រួសារបាល់ទះកម្ពុជា ប៉ុន្តែនៅក្នុងពិភពកីឡា មិនមានអ្វីស្ថិតស្ថេរជានិរន្តនោះឡើយ តែងតែមានការចាប់ផ្ដើមនិងបញ្ចប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា «បើទោះជា ណារ៉ូ បានចាកចេញពីកីឡាករអាជីពក៏ពិតមែន ប៉ុន្តែស្នាដៃរបស់គាត់ ជាមួយមិត្តរួមជំនាន់បានជួយឱ្យទង់ជាតិកម្ពុជា រះលើឆាកអន្តរជាតិជាច្រើន ទាំងការជួយក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្កាល់នោះ រូបគាត់ជាផ្នែកមួយជួយឱ្យក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ»។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា៖ «មិនខុសពីអ្នកគាំទ្របាល់ទះជាតិ និងអន្តរជាតិ ខ្ញុំសង្ឃឹមថា សួន ចាន់ណារ៉ូ នឹងមិនទៅណាឆ្ងាយពីវិស័យបាល់ទះយើងឡើយ គាត់នឹងសិក្សាស្វែងយល់ពីវគ្គសិក្សានានាបន្ថែម ដើម្បីវិវត្តន៍ខ្លួនទៅជាគ្រូបង្វឹក ឬថ្នាក់ដឹកនាំក្លិបបាល់ទះណាមួយនៅថ្ងៃខាងមុខ»។
គួរបញ្ជាក់ថា កម្មវិធីការចូលនិវត្តន៍របស់កីឡាករ សួន ចាន់ណារ៉ូ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៦:០០ល្ងាច ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ សូមជូនពរ សួន ចាន់ណារ៉ូ បន្តជោគជ័យក្នុងអាជីពថ្មីខាងមុខកុំបីខាន។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា៕


