តៃប៉ិ៖ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងកាណាដាបានទៅដល់ច្រកសមុទ្រតៃវ៉ាន់ ដែលដំណើរនាវាចរណ៍នេះ ធ្វើឡើងមិនដល់ ១សប្តាហ៍ផង បន្ទាប់ពីទីក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញច្រកសមុទ្រដ៏រសើបនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តតែងតែឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីពង្រឹងឋានៈរបស់ខ្លួនជាផ្លូវទឹកអន្តរជាតិ ដែលធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារ។

កងនាវាចរលេខ៧ របស់កងទ័ពជើងទឹកអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «នាវាពិឃាត Arleigh Burke-class (USS Higgins) (DDG 76) និង Royal Canadian Navy Halifax-class frigate (HMCS Vancouver) (FFH 331) បានធ្វើការឆ្លងកាត់ «តាម​ទម្លាប់» កាលពីថ្ងៃ​ទី​២០​ខែ​តុលា​ «លើ​ផ្លូវ​ទឹកដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ» ដោយ​បន្ថែម​ថា វា​បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងកាណាដា ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់​គ្រប់​ប្រទេសទាំងអស់នៅ​​លើ​ពិភពលោក។

យ៉ាងណាម៉ិញ ប្រទេសចិន បាននិយាយនាថ្ងៃចន្ទ សប្ដាហ៍នេះថា សកម្មភាពរបស់សហរដ្ឋអាមេរិក និងកាណាដា បានរំខានដល់ «សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។

អ្នកនាំពាក្យយោធាលោក Captain Li Xi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បញ្ជាការភូមិភាគខាងកើត PLA បានរៀបចំកងកម្លាំងជើងទឹក និងដែនអាកាស ដើម្បីត្រួតពិនិត្យ និងរក្សាការប្រុងប្រយ័ត្ន នៅលើផ្លូវឆ្លងកាត់ ដោយគ្រប់គ្រងស្ថានការណ៍តាមច្បាប់ និងបទប្បញ្ញត្តិ»។

ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់តៃវ៉ាន់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ AFP នោះទេ។

សូមជម្រាបថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ធ្វើ​សមយុទ្ធ​កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា សប្ដាហ៍មុន ដោយនិយាយ​ថា វា​ជា​សារ​ព្រមាន​ដល់​សកម្មភាព​ផ្ដាច់​ខ្លួន​របស់​តៃវ៉ាន់ ហើយការ​ធ្វើ​សមយុទ្ធ​នេះ ត្រូវ​បាន​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ថ្កោលទោស៕

ប្រភព៖ CNA

Share.