ភ្នំពេញ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានដាក់បទបញ្ជាសម្រាប់នាយទាហានដែលប្រើប្រាស់ផ្លាកលេខខេមរភូមិន្ទ ហាមយកយានយន្តដែលពាក់ផ្លាកលេខខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្តា ក្រុមហ៊ុន ស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ។ អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។

នៅថ្ងៃ២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ តាមអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានឱ្យដឹងថា ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទដែលបណ្តាល ឱ្យប៉ះពាល់ដល់សង្គមសាធារណៈដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមាន ភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។ អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមដាក់ចេញនូវវិធានការកំណត់ក្នុងការប្រើប្រាស់ផ្លាកលេខ ចរាចរណ៍ខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទដូចខាងក្រោម ៖

១-យានយន្តដែលអាចបំពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ រួមមាន៖ យានយន្តដែលរដ្ឋបំពាក់។ យានយន្តជាជំនួយពីបណ្ដាប្រទេសនានា សម្រាប់អង្គភាពកងទ័ព។ យានយន្តជាអំណោយពីសប្បុរសជននានា សម្រាប់អង្គភាពកងទ័ព។ យានយន្តជាកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបដំឡើង សារជាថ្មី។ យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ។ យានយន្តដែលបានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករផ្សេងៗរួចរាល់ ។
២- នាយទាហានដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវគោរព តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាកំណត់ ។ ក្នុងករណីរំលោភបំពាន ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ ខេមរភូមិន្ទត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិវិញ ។
៣- នាយទាហានដែលបានចូលនិវត្តន៍ ពលី មរណៈ និងពិការ ត្រូវអស់កាតព្វកិច្ចប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ក្រសួងការពារជាតិវិញ និងត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។
៤- នាយទាហានដែលបានប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបម្រាមកំណត់ដូចជា៖ ហាមយកយានយន្តដែលពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្ដ ក្រុមហ៊ុន ស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ ។ ហាមយកផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពី ប្រភេទយានយន្តដែលបានស្នើសុំ ។ អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។ ចំពោះក្រុមហ៊ុនសហការវិនិយោគជាមួយវិស័យការពារជាតិ ក៏ត្រូវបានអនុវត្តដូចគ្នា ។ ក្នុងករណីដែលអនុវត្តខុសពីបម្រាមកំណត់ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួង ការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន៕



