សិល្បៈអន្តរជាតិ៖ តារាសម្ដែង Angelina Jolie បានចំណាយពេល២យប់នៅអូតែលជាមួយនឹងតារាចម្រៀង Rap អង់គ្លេស ដែលត្រូវបានលេចឮថាគឺជាសង្សារថ្មីរបស់លោកស្រី។
បើតាមការចេញផ្សាយពីកាសែត The Sun តារាសម្ដែងវ័យ៤៩ឆ្នាំ ម្ចាស់ពានរង្វាន់អូស្ការ និងតារាចម្រៀង អ្នកសកម្មជននយោបាយអង់គ្លេស វ័យ៤០ ឆ្នាំ លោក Akala កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍ បានចូលទៅស្នាក់នៅក្នុងសណ្ឋាគារ Corinthia ពីរយប់ជាប់ៗគ្នា។ Akala បានចូលទៅក្នុងសណ្ឋាគារ តាមពីក្រោយ Angelina Jolie ហើយអ្នកទាំងពីរមិនចាកចេញពីសណ្ឋាគារ ទាល់តែ២ថ្ងៃក្រោយទើបចាកចេញ ដោយមានអ្នកឃើញអ្នកទាំងពីរបានទទួលអាហារពេលល្ងាចជាមួយគ្នានៅ So Ho House បន្ទាប់មកទៀតទើបអ្នកការពារ Angelina Jolie នាំ Akala ចេញតាមផ្លូវក្រោយ។

ទោះជាប្រភពជិតស្និទ្ធិបានប្រាប់កាសែត People ថាអ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហា ប៉ុន្តែអ្នកទាំងពីរបានចំណាយពេលនៅជាមួយគ្នាច្រើន។ Akala បានបង្ហាញខ្លួននៅក្នុងពិធីជប់លៀង បើកសម្ពោធក្រុមហ៊ុន Atelier Jolie របស់ Agelina កាលពីដើមខែតុលា ថែមទាំងតាម ទៅគ្រប់កន្លែងដែលលោកស្រី ទៅផ្សព្វផ្សាយភាពយន្ត Maria មិនថានៅក្រុងញូវយ៉ក ក្រុងវ៉េនីស ប្រទេសអ៊ីតាលីនោះឡើយ។
លោកស្រី Angelina និង Akala ត្រូវបានគេប្រទះឃើញឧស្សាហ៍នៅជាមួយគ្នា នៅកន្លែងសាធារណៈ បើទោះជាប្រភពជិតស្និទ្ធិអះអាងថាអ្នកទាំងពីរគ្រាន់តែជាមិត្តភក្ដិនឹងគ្នាក្ដី។


ដំំណឹងចចាមអារ៉ាមស្នេហា រវាងលោកស្រី និង Akala ចាប់ផ្ដើមផ្ទុះឡើងក្រោយពេលឃើញអ្នកទាំងពីរចេញពីបន្ទប់ស្នាក់របស់លោកស្រីនៅក្នុងសណ្ឋាគារមួយនៅអ៊ីតាលី គ្រាដែលលោកស្រីទៅចូលរួមកម្មវិធី Venice International Film Festival កាលពីខែសីហា។ ខណៈដែលមានសារព័ត៌មាន In Touch បានចេញផ្សាយថាលោកស្រី និង Akala បានចាប់ផ្ដើមមើលចិត្តគ្នាជាង១ឆ្នាំហើយ។
មែនទែនដំណឹងស្នេហានេះផ្ទុះដំបូងឡើយគឺនៅពេលដែលគេឃើញ Akala បានចូលរួមកម្មវិធីខួបកំណើតកូនស្រីរបស់លោកស្រី Angelina Jolie គឺ Zahara គម្រប់១៩ឆ្នាំ និង Shilo គម្រប់១៨ឆ្នាំ នៅ Jamaica កាលពីខែឧសភាឆ្នាំ២០២៣ ដោយកាលណោះមានអ្នកឃើញផ្ទាល់ភ្នែកខ្លះថា Akala បានការពារម្ដាយកូនទាំង៣បានយ៉ាងល្អ។ ក្រោយពីនោះ៦ខែ In Touch បានចេញផ្សាយទៀតថា Angelina Jolie និង Akala បានញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅទីក្រុង មីឡាន ប្រទេសអ៊ីតាលី។
យ៉ាងណាមិញ ប្រភពពីជិតស្និទ្ធិបានប្រាប់សារព័ត៌មាន People ថា Jolie គឺជាមិត្តភក្ដិរបស់ Chanelle (Newman) ដែលជាដៃគូរបស់ Akala ដោយ Newman គឺជាដៃគូមុខជំនួញនិងជាអ្នកគ្រប់គ្រង Akala ផ្ទាល់។
ប្រភពជិតស្និទ្ធអះអាងប្រាប់កាសែត People ថា លោកស្រី Angelina Jolie នៅលីវ និងមិនមានទំនាក់ទំនងស្នេហានោះឡើយ៕

