អង់ការ៉ា៖ ជនសង្ស័យ ២នាក់ បានសម្លាប់មនុស្ស ៥នាក់ និងបង្កឱ្យមនុស្ស ២២នាក់ទៀតរងរបួស កាលពីថ្ងៃពុធ នៅក្នុងអ្វីដែលទីក្រុងអង់ការ៉ា ហៅថាជា ការវាយប្រហារភេរវករនៅឯទីស្នាក់ការកណ្តាលឧស្សាហកម្មអាកាសចរណ៍តួកគី (TUSAS) ជាកន្លែងដែលគេបានឮសំឡេងកាំភ្លើង និងការបំផ្ទុះមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤។

យោងតាមខ្សែវីដេអូបានបង្ហាញពីក្រុមជនប្រដាប់អាវុធ ចូលទៅក្នុងអគារ ដើម្បីបាញ់ប្រហារ និងមានការបំផ្ទុះយ៉ាងខ្លាំងនៅទីតាំងកើតហេតុ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បាននិយាយថា ជនល្មើសទាំង ២នាក់ ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារនៅទីតាំងអាកាសចរណ៍ TUSAS Ankara Kahramankazan ដោយបន្ថែមថា អ្នករងរបួស ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក បាននិយាយថា ជនល្មើសទាំង ២នាក់ ទំនងជាសមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលជាគណបក្សប្រឆាំង និងមិនស្របច្បាប់។ យ៉ាងណាយើងនឹងប្រមូលភស្ដុតាង ស្វែងរកមូលហេតុ និងកំណត់អត្តសញ្ញាណពួកគេឱ្យបានច្បាស់លាស់។

ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថា «ព្រះរាជអាជ្ញាបានចាប់ផ្តើមការស៊ើបអង្កេតមួយ លើអង្គហេតុទាំងនេះហើយ»។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីតួកគី លោក Tayyip Erdogan រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងជួបប្រជុំគ្នាក្នុងសន្និសីទ BRICS នៅទីក្រុង Kazan របស់រុស្ស៊ី ដោយមេដឹកនាំនៃប្រទេសទាំង២ បានថ្កោលទោសការវាយប្រហារនេះ និងរំលែកទុក្ខចំពោះក្រុមគ្រួសាររងគ្រោះទាំងអស់។

ដោយឡែក អង្គការណាតូ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ។

បើតាមសាក្សីបាននិយាយថា បុគ្គលិកនៅខាងក្នុងអគារត្រូវបានអាជ្ញាធរនាំទៅកាន់ទីជម្រក ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញទេ។ ការបំផ្ទុះគ្រាប់បែកប្រហែលជាបានកើតឡើងនៅច្រកចេញ ខណៈដែលបុគ្គលិកកំពុងចាកចេញពីការងារ។

សូមជម្រាបថា TUSAS គឺជាក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ និងការពារជាតិ ដ៏សំខាន់បំផុតមួយ របស់ប្រទេសតួកគី។ ក្រុមហ៊ុននេះ ផលិតយន្តហោះចម្បាំង KAAN ដែលជាយន្តហោះចម្បាំងជាតិដំបូងគេ របស់ប្រទេសតួកគី និងមានបុគ្គលិកជាង ១ម៉ឺននាក់កំពុងបម្រើការងារនៅទីនោះ៕

ប្រភព៖ CNA

Share.