
ទំនប់អូរតេធិបតីស្ថិតក្នុងស្រុកអូររាំង បូករួមទាំងទំនប់លើ និងទំនប់ក្រោមក្នុងក្រុងសែនមនោរម្យ ជាគម្រោងអភិវឌ្ឍធនធានទឹកពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី ដែលទំនប់ទឹកទាំង៣នេះ នឹងជួយដោះស្រាយបញ្ហាទឹកជំនន់, ជាអាងផ្ទុកទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម, និងធានាដោះស្រាយប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងនៅក្នុងពិធីសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤។
សម្ដេចបន្ថែមថា លើសពីវិស័យធនធានទឹក ទំនប់អូតេ ក៏នឹងក្លាយទៅជាទីតាំងទេសចរណ៍ដ៏មនោរម្យនៅក្នុងតំបន់ផងដែរ ហើយប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅក្នុងតំបន់ ក៏អាចទាញយកផលប្រយោជន៍ពីសក្ដានុពលទេសចរណ៍នេះផងដែរ។
ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
យោងតាមរបាយការណ៍បង្ហាញថា ទំនប់អូរតេ ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីមានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគីប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានអាចធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរទឹកបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២, សំណង់ការពារជើងទេរប្រវែង ៣,១៧៦ ម៉ែត្រ, អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្វូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣ ១៧០ ម៉ែត្រ និងផ្លូវបេតុងចូលទៅកាន់ទំនប់ប្រវែងជាង ៣ ០០០ ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។
រីឯទំនប់លើ ស្ថិតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពផ្ទុកទឹកបានប្រមាណ ២១ ម៉ឺនម៉ែត្រគីប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្ទៃអាងទំហំ ៤,២ ហិកតារ, ទំនប់អាងប្រវែង ៧៩៩ ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ៩៦០ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេ មានទំហំ ៥,១១៦ ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ ប្រវែង ៧៩៩ម៉ែត្រ។
ដោយឡែកទំនប់ក្រោម ក៏ស្ថិតក្នុងក្រុងសែនមនោរម្យផងដែរ។ ទំនប់នេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគីប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា ផ្ទៃអាងទំហំ ៤ ៤២ ហិកតារ, ទំនប់អាងប្រវែង ១ ៤៨០ ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ១ ៧២៣ ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេរមានទំហំ ៧ ៨៨៦ ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ប្រវែង ១ ៧២៣ ម៉ែត្រ៕
អត្ថបទ៖ ឈិន ធារ៉ាត់

