ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានចាក់ចេញពីកម្ពុជានៅព្រឹកថ្ងៃទី៣១ តុលានេះ ធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមការប្រកួតពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន AFF Futsal Championship ឆ្នាំ២០២៤។

ក្នុងការប្រកួតនេះដែរ ក្រុមកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិហ្វូតសាលឥណ្ឌូណេស៊ី ក្នុងជំនួបបើកឆាកនៃពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តនគររាជសីមា ប្រទេសថៃ។
ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតនៅពូល B ជាមួយឥណ្ឌូណេស៊ី ម៉យ៉ាន់ម៉ា អូស្ត្រាលី ខណ:ការប្រកួតបើកឆាក នឹងត្រូវជួបក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី៤ វិច្ឆិការ ២០២៤៖

ព្រឹត្តិការប្រកួតពានរង្វាន់ជម្រើសជើងឯកហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ ដែលរៀបចំពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តនគររាជសីមា ប្រទេសថៃ មានក្រុមចំនួន៩ប៉ុណ្ណោះចូលរួម ខណៈ២ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន សិង្ហបុរី និងឡាវ គ្មានវត្តមាន។
គួរបញ្ជាក់ដែរថា ថៃ ជាម្ចាស់ការពារតំណែងជើងឯក AFF Futsal Championship និងជាក្រុមដែលគ្រងពានអាស៊ាននេះច្រើនជាងគេដល់ទៅ១៦លើក ក្នុងចំណោមព្រឹត្តិការណ៍ទាំង១៧លើក គិតចាប់ពីបង្កើតដំបូងនៅឆ្នាំ ២០០១មក។ ខណ:ឥណ្ឌូណេស៊ី ឈ្នះ១លើក នៅឆ្នាំ២០១០ ក្រៅពីនោះគ្មានក្រុមណាឈ្នះឡើយ ដោយម៉ាឡេស៊ី រងជើងឯក ៥លើក អូស្ត្រាលី ៤លើក វៀតណាម ២លើក រួមជាមួយមីយ៉ាន់ម៉ា និងសិង្ហបុរី រងជើងឯក១លើកដូចគ្នា៕






