ម្ចាស់​ផ្ទះថៃ ឥណ្ឌូណេស៊ី អូស្រ្តាលី និងវៀតណាម ជាក្រុម​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤។

ក្រោយ​ប្រកួត​ជម្រុះក្នុង​ពូល​រួម​មក វៀតណាមជាក្រុម​ឈរលេខ១ ក្នុងពូល A ៤ប្រកួតឈ្នះទាំង៤ មាន ១២ពិន្ទុ ថៃឈរលេខ២ ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន ៩ពិន្ទុ។ ពូល B ឥណ្ឌូណេស៊ី ៣ប្រកួតឈ្នះទាំង ៣ មាន ៩ពិន្ទុ អូស្រ្តាលី ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុ។

សម្រាប់​ការប្រកួត​វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៨ វិច្ឆិកា ២០២៤ មាន​ដូច​ខាង​ក្រោម៖

  • វៀតណាម ជួប អូស្រាលី នៅទីលាន Terminal21 Kor វេលាម៉ោង ៣:០០នាទីរសៀល
  • ឥណ្ឌូណេស៊ី ជួប ថៃ នៅទីលាន Terminal21 Kor វេលាម៉ោង ៦:០០នាទីរសៀល

ដោយលែក​សម្រាប់​ក្រុម​ជម្រើសជាតិ​ហ្វូតសាលកម្ពុជា បានធ្លាក់​ចេញ​ពី​ពាន​រង្វាន់​មួយនេះ​ក្រោយ​ឆ្លងកាត់ ៣ប្រកួត​ក្នុងពូល B មាន៖ ប្រកួត​ទី១ ចាញ់ ឥណ្ឌូណេស៊ី ៩-០ ប្រកួត​ទី២ ចាញ់​មីយ៉ាន់​ម៉ា ៥-៤ ប្រកួទី៣ ចាញ់​អូស្រ្តាលី ៩-២។

ព្រឹត្តិការប្រកួតពានរង្វាន់ជម្រើសជើងឯកហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ ដែលរៀបចំពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តនគររាជសីមា ប្រទេសថៃ មានក្រុមចំនួន៩ប៉ុណ្ណោះចូល​រួម​ ខណៈ២ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន សិង្ហបុរី និងឡាវ គ្មានវត្តមាន។

គួរបញ្ជាក់ដែរថា ថៃ ជាក្រុមដែលគ្រងពានអាស៊ាននេះច្រើនជាងគេដល់ទៅ១៦លើក ក្នុងចំណោមព្រឹត្តិការណ៍ទាំង១៧លើក គិតចាប់ពីបង្កើតដំបូងនៅឆ្នាំ ២០០១មក។ ខណ:ឥណ្ឌូណេស៊ី ឈ្នះ១លើក នៅ​ឆ្នាំ២០១០ ក្រៅពីនោះគ្មានក្រុមណាឈ្នះឡើយ ដោយម៉ាឡេស៊ី រងជើងឯក ៥លើក អូស្ត្រាលី ៤លើក វៀតណាម ២លើក រួមជាមួយមីយ៉ាន់ម៉ា និងសិង្ហបុរី រងជើងឯក១លើកដូចគ្នា៕

Share.