គិត​ត្រឹម​ពេល​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ឆ្នាំ​២០២៤-២៥ ជើង​ឯក​ថ្នាក់​ខេត្ត​បាន​ស្វែង​រក​ឃើញ​ក្រុម​នៅ​តាម​ពូល​មួយ​ចំនួន​ឡើង​ទៅ​ជុំ​បន្ត​រួច​ហើយ ខណៈ​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ក្រុម​ខេត្ត​កំពង់ធំ និង​ខេត្ត​ត្បូងឃ្មុំ បាន​កក់កៅអី​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ។

ដូច្នេះ​​ក្រុម​ដែល​កក់កៅអី​ឡើង​ទៅ​ជុំ​បន្ត​តាម​​ពូល​នីមួយៗ មាន៖
ពូល ក៖ មន្ទីរអប់រំយុវជន​និង​កីឡា​ខេត្ត​កំពង់ស្ពឺ
ពូល ខ៖ មិន​ទាន់​ចប់​ការប្រកួត
ពូល គ៖ សមាគម​បាល់ទាត់​ខេត្ត​ស្វាយរៀង
ពូល ឃ៖ ក្លិប​បាល់ទាត់​ឈើតុំ ខេត្ត​ពោធិ៍សាត់
ពូល ង៖ ក្លិប​បាល់ទាត់​ឡាយអ៊ិនឃីង ខេត្ត​សៀមរាប
ពូល ច៖ សមាគម​កីឡា​បាល់ទាត់​ខេត្ត​កំពង់ធំ
ពូល ឆ៖ មន្ទីរអប់រំយុវជន​និង​កីឡា​ខេត្ត​ត្បូងឃ្មុំ
ក្រុម​ចំណាត់​ថ្នាក់​លេខ២​ល្អ​ជាង​គេ៖ មិន​ទាន់​កំណត់​បាន

ក្នុង​ចំណោម​ពូល​ទាំង​អស់​នៅ​សល់​តែ​ពូល ខ មួយ​ទេ ដែល​នៅ​សល់​​ប្រកួត​ក្នុង​ដៃ ក្រៅ​ពី​នោះ បាន​បញ្ចប់​ការ​ប្រកួត​តាម​ពូល​អស់​ហើយ ខណៈ​គូ​ចុងក្រោយ​ប្រចាំ​ពូល ខ នោះ​ក្រុម​សមាគម​បាល់ទាត់​ខេត្ត​កែប ត្រូវ​ជួប​ក្រុម​​តាកែវអែហ្វស៊ី នៅ​ថ្ងៃ​​ទី១២ ខែ​វិច្ឆិកា ខាង​មុខ វេលា​ម៉ោង​៣:៣០នាទី​រសៀល លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​កែប។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ​២០២៤-២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។

ពាន Hun Sen Cup ជើងឯក​ថ្នាក់ខេត្ត

ចំពោះ​ការប្រកួត​ជើង​ឯក​​ថ្នាក់​ខេត្ត​មាន​ក្រុម​ចូលរួម​ចំនួន២១​ក្រុម​បែងចែក​ជា​៧​ពូល ក្នុង​១ពូល​មាន​៣ក្រុម ហើយ​ត្រូវ​គ្នា​២ជុំ​តាម​ពូល​នីមួយៗ។ ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ១​តាម​ពូល​មាន​ឈ្មោះ ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ ខណៈ​ក្រុម​១​ក្រុម​ទៀត​នឹង​ជ្រើស​ចេញ​ពី​ក្រុម​ចំណាត់ថ្នាក់​លេខ២​ល្អ​ក្នុង​ចំណោម​ពូល​ទាំង​៧។

ក្រោយ​រក​ឃើញ​ក្រុម​ជើង​ឯក​ និង​កូតារ ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​រួច គណៈកម្មការ​ប្រកួត​នឹង​ដំណើរការ​ប្រកួត​វគ្គ​ជើង​ឯក​ថ្នាក់​ជាតិ​ម្តង ដែល​មាន​ក្រុម​សមាជិក​លីគ​កំពូល​កម្ពុជា កំពុង​រង់ចាំ។

ក្រុមខេត្តកំពង់ចាម ឈ្នះជើងឯក កន្លងទៅ

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ មក​ម៉្លេះ ហើយ​​ដល់​ឆ្នាំ​២០១៨ ទើប​មាន​ការ​បែងចែក​ជា​២វគ្គ ស្រប​ពេល​ដែល​ក្រុម​ធ្លាប់​ឈ្នះ​ជើង​ឯក​ថ្នាក់​ខេត្ត​ កន្លង​ទៅ​មាន៖
ជើង​ឯកថ្នាក់ខេត្ត៖
២០១៨៖ គីរីវង់សុខសែនជ័យ ១-២ សាលាបាល់ទាត់ជាតិបាទី
២០១៩៖ សៀមរាប ០-១ ត្បូងឃ្មុំ
២០២០៖ ព្រៃវែង ១-០ ត្បូងឃ្មុំ
២០២១៖ ត្បូងឃ្មុំ ០-៣ កោះកុង
២០២២៖ ឧត្តរមានជ័យ ០-១ ភ្នំពេញហ្គាឡាក់ស៊ី
២០២៣៖ កំពង់ចាម ២-០ ត្បូងឃ្មុំ

រូបថត៖ HSC

Share.