ពានរង្វាន់​បាល់ទាត់​លីគ​នារី​កម្ពុជា Cambodian Women’s League រដូវកាល​ឆ្នាំ​២០២៤-២៥ បាន​ធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី១១ ហើយ​ក្នុង​ចំណោម​​២១​សប្ដាហ៍​ដែល​ក្រុម​ទាំង​១០​ត្រូវ​ប្រកួត​ប្រជែង​ប្រចាំ​ឆ្នាំ ស្រប​ពេល​មាន​អ្នកចាំទី​១រូប រក​គ្រាប់​បាល់​ឱ្យ​ក្រុម​របស់​ខ្លួន ក្លាយ​ជា​អ្នកចាំទី​មុន​គេ​ដែល​រក​គ្រាប់​បាល់​បាន។

អ្នក​ចាំ​ទី​រូប​នោះ​គឺ កីឡា​ការិនី ស្រង នះ របស់​ក្រុម​បាល់ទាត់​វិសាខា ដោយ​បាន​ទាត់​បញ្ជូល​ទី​ក្រុម​សលត៍ ​ខេត្ត​បាត់ដំបង កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​ជើង​ទី២ នៅ​ទីលាន​របស់​ក្រុម​សលត៍ ក្នុង​ខេត្ត​បាត់ដំបង ស្រប​ពេល​ដែល​លទ្ធផល​សរុប ក្រុម​វិសាខា បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​សលត៍ ដោយ​លទ្ធផល ១៨-១។ រូប​គេ​បាន​ប្តូរ​ចូល​​នៅ​នាទី​៦៦ ហើយ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​​៧៨។

តាម​ពិត​ទៅ​នេះ​ជា​​ប្រកួត​ទី២​ហើយ ដែល​កីឡា​ការិនី ស្រង នះ ត្រូវ​បាន​លោក​គ្រូ​បង្វឹក វី លីកា ដាក់​ឱ្យ​​ប្រកួត​លើ​ទីលាន តែ​តំណែង​ជា​ខ្សែ​បម្រើ ម្តង ខណៈ​ប្រកួត​លើក​ទី១​កន្លង​ទៅ ពេល​ប្រកួត​ទល់​នឹង​ក្រុម​​មីស្ទើរលេង ក្នុង​សប្ដាហ៍​ទី១០ នាង​លេង​បាន​​១២​នាទី នៅ​ចុង​ម៉ោង​ផង​ដែរ។

លោក វី លីកា គ្រូ​បង្វឹក​ក្រុម​វិសាខា ធ្លាប់​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង​ថា៖«យើង​ដាក់​ឱ្យ​គាត់ (ស្រង នះ) ចូល​លេង គឺ​ចង់​ពិនិត្យ ការ​លែង​របស់​គាត់​បន្ថែម ព្រោះ​កន្លង​ទៅ​គាត់​ក៏​ធ្លាប់​លេង​ ក្រៅ​ពី​តួរនាទី​អ្នកចាំទី​ដែរ»។ ក្រុម​វិសាខា ជា​ក្រុម​តែ​១គត់​ដែល​មាន​អ្នកចាំទី​ទាំង​៣​នាក់​បាន​ចូល​លេង​៩០​នាទី​ពេញ​គ្រប់ៗគ្នា ​ហើយ​រក្សា​មិន​ឱ្យ​របូត​គ្រាប់​បាល់ (Clean Sheets ) ដល់​ទៅ​៦លើក ក្នុង​នោះ​កីឡា​ការិនី ស្រង នះ ធ្វើ​បាន​២លើក​ម្នាក់​ឯង​ផង​ដែរ។

ពានរង្វាន់​លីគ​នារី​កម្ពុជា មាន​ក្រុម​ចូលរួម​ចំនួន១០ក្រុម ដោយ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន២​ជើង ដោយ​ក្នុង​នោះ​ក្រុម​មាន​ពិន្ទុ​ល្អ​ជាង​គេ​ចំនួន​៤ក្រុម មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ដោយ​ប្រើរូបមន្ត លេខ​៤ ប៉ះ​លេខ៣ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១​រកចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Share.