សិល្បៈអន្តរជាតិ៖ ក្រុម 2NE1 ត្រៀមនឹងប្រគំតន្ត្រីចំនួន ២នៅក្នុងទីក្រុង Ho Chi Minh នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបើតាមការប្រកាសពីផលិតកម្ម YG Entertainment។
ការប្រគំតន្ត្រី របស់ 2NE1 គឺជាផ្នែកមួយការប្រគំតន្ត្រី Welcome Back Tour ដែលជាការប្រគំតន្ត្រីស្វាគមន៍ការវិលមករួមក្រុមជាថ្មីរបស់សមាជិកទាំង៤រូប ក្រោយបែកខ្ញែកគ្នាអស់៧ឆ្នាំ។ ក្រៅតែពីការប្រគំតន្ត្រីនៅក្នុងទីក្រុង ហូជីមិញ ហើយនោះ ក្រុមចម្រៀងដ៏មានឥទ្ធិពលនេះក៏មានការប្រគំតន្ត្រីនៅប្រទេសថៃផងដែរ។

ការប្រគំតន្ត្រីរបស់ 2NE1 ចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២៤ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានម៉ាឡេស៊ី តម្រូវការសំបុត្រមានច្រើនរហូតដល់ទៅ៣០ម៉ឺន ទៅ៤០ម៉ឺននាក់ ប៉ុន្តែសំបុត្រដែលដាក់លក់សម្រាប់ការប្រគំតន្ត្រីម្ដងៗមានត្រឹមតែ ៤ពាន់សំបុត្រប៉ុណ្ណោះ។
បើតាមការបកស្រាយពីលោក Yang Hyun Suk បានឱ្យដឹងថា «ការដែលសំបុត្រសម្រាប់អ្នកគាំទ្រមានចំនួនកំណត់ដោយសារតែ សមាជិកក្រុមអន្ទះសារចង់សម្ដែងនៅក្នុងឆ្នាំនេះ ប៉ុន្តែស្តាត ឬទីតាំងស្ទីតយ៉ូធំៗត្រូវបានគេកក់រួចអស់ទៅហើយ»
បង្កើតឡើងកាលពីឆ្នាំ២០០៩ ក្រុម 2NE1 មានសមាជិក៤នាក់មាន CL, Park Bom, Sandara Park, និង Minzy ពួកគេមានភាពល្បីល្បាញជាសកលដោយចម្រៀងរបស់ពួកគេរួមមាន Go Away, Fire, I am The Bast ផ្ទុះកក្រើកនិងមានការគាំទ្រយ៉ាងខ្លាំង រហូតនៅឆ្នាំ២០១៧ Billboard បានដាក់ងារឱ្យពួកគេថាជាតារាចម្រៀង K-Pop ដែលល្បីល្បាញជាសកលប្រចាំឆ្នាំ២០១៧។

យ៉ាងណាមិញកាលពីឆ្នាំ២០១៤ មានដំណឹងអាស្រូវពាក់ព័ន្ធនឹង Park Bom ធ្វើឱ្យក្រុមត្រូវគាំង ហើយសមាជិកម្នាក់ៗ ត្រលប់ទៅផ្ដោតលើការសម្ដែងទោល ដោយ២ឆ្នាំក្រោយ ពោលគឺនៅឆ្នាំ២០១៦ YG ប្រកាសថា 2NE1 បានបែកក្រុមនៅឆ្នាំ២០១៦។
នៅឆ្នាំ២០២៣ ក្រុម 2NE1 បានរួបរួមគ្នាជាថ្មី ហើយបានអបអរសាទរខួបទី១៥ នៃការប្រឡូកចូលសិល្បៈនិងបង្កើតក្រុម មុននឹងមានដំណឹងស្ដីពីការប្រគំតន្ត្រីរបស់ពួកគេនៅខែកុម្ភៈខាងមុខនេះ ដោយឡែកសម្រាប់ Park Bom ក៏ធ្លាប់បានទៅប្រគំតន្ត្រីទោលនៅទីក្រុងហូជីមិញ កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះផងដែរ៕

