ទស្សនិកជនប្រមាណ ២០៨៩ នាក់បានចូលទស្សនាក្នុងការប្រកួតបើកឆាកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លើទីលានកីឡដ្ឋាន Akihiro Kato ក្នុងក្រុងសៀមរាប របស់ក្លិបអង្គរថាយហ្គឺរ ដែលជាសមាជិកទី៩ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League 2024-25) មានកីឡដ្ឋានផ្ទាល់ខ្លួន។

ការប្រកួតប្រចាំសប្ដាហ៍ទី១២ ពោលគឺជើងទី២នៃពានរង្វាន់ CPL 2024-25 ក្រុមអង្គរថាយហ្គឺរ បានបើកទ្វាកីឡដ្ឋានថ្មីរបស់ខ្លួនទទួលស្វាគមន៍ក្រុមសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលចាប់ផ្តើមពីវេលាម៉ោង៦ល្ងាច ហើយលទ្ធផលបញ្ចប់ទៅ ដោយម្ចាស់ផ្ទះយកឈ្នះ ៣-១។

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បង្កើតឡើងតាំងពីឆ្នាំ២០១២ ហើយឆ្នាំ២០១៣ ចូលរួមប្រកួតនៅក្នុងក្របខណ្ឌក១ (មិនទាន់មានលីគទី២) ទទួលបានកៅអីឡើងចូលប្រកួតលីគកំពូលកម្ពុជា នៅឆ្នាំ២០១៤ ដែលកាលនោះមានឈ្មោះថាត្រាយអាស៊ីភ្នំពេញ។ នៅឆ្នាំ២០១៥ ក្លិបនេះបានប្តូរឈ្មោះទៅជាខេមបូឌានថាយហ្គឺរ ក្រោយពេលលោក Akihiro Kato វិនិយោគបន្ត។
នៅឆ្នាំ២០១៦ ក្រោយពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយក្លិបជាសមាជិកក្នុងលីគកំពូលកម្ពុជា ប្រើប្រាស់ទឹកដីផ្លូវការរបស់ខ្លួនក្រុមខេមបូឌានថាយហ្គឺរ បានសម្រេចចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ដោយប្តូរឈ្មោះជាអង្គរថាយហ្គឺរ ហើយប្រើប្រាស់កីឡដ្ឋានស្វាយធំ ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្ន ក្រោយមកទៀតបន្តប្រើប្រាស់កីឡដ្ឋាន SRU ។
ក្លិបអង្គរថាយហ្គឺរ ធ្លាប់បានឈ្នះពានរង្វាន់ក្លិបដែលមានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេ នៅឆ្នាំ២០១៨ ដែលរៀបចំនៅក្នុងកម្មវិធី Cambodia Football Award។

រហូតដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ កន្លងទៅក្លិបអង្គរថាយហ្គឺរ បានប្រកាសពីការសាងសង់កីឡដ្ឋានរបស់ខ្លួនដោយក្រុមហ៊ុនសាងសង់ Fuxin Steel Buildings របស់លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISIដង្កោសែនជ័យ។ យ៉ាងណាក្តីការសាងសង់នេះប្រើប្រាស់ពេលប្រមាណជាង៣ខែប៉ុណ្ណោះ ដើម្បីឱ្យទាន់ជើងទី២ ខណៈជើងទី១កន្លងទៅអង្គរថាយហ្គឺរ ចេញទៅប្រកួតនៅក្រៅដីទាំងអស់។

ក្លិបដែលមានកីឡដ្ឋានផ្ទាល់ខ្លួន ក្នុងរដូវកាល២០២៤-២៥ នៃពានរង្វាន់លីគកំពូលកម្ពុជា មាន៖
អង្គរថាយហ្គឺរ៖ កីឡដ្ឋាន Akihiro Kato (សៀមរាប)
ISI ដង្កោសែនជ័យ៖ កីឡដ្ឋាន AIA, KMH Park (ភ្នំពេញ)
គីរីវង់សុខសែនជ័យ៖ កីឡដ្ឋានគីរីវង់សុខសែនជ័យ (តាកែវ)
ឡាយហ៍ព្រះសីហនុ៖ កីឡដ្ឋានឡាយហ៍ (ព្រះសីហនុ)
ណាហ្គាវើលដ៍៖ កីឡដ្ឋានខេត្តកំពង់ស្ពឺ (កំពង់ស្ពឺ)
ភ្នំពេញក្រោន៖ កីឡដ្ឋានស្មាតអរអេសអ៊ិន (ភ្នំពេញ)
ព្រះខ័នរាជស្វាយរៀង៖ កីឡដ្ឋានខេត្តស្វាយរៀង (ស្វាយរៀង)
កងយោធពលខេមរភូមិន្ទ៖ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ភ្នំពេញ)
វិសាខា៖ កីឡដ្ឋានព្រីនស៍ (ភ្នំពេញ)
ចំណែកក្រុម២កំពុងតែខ្ចីកីឡដ្ឋានគេប្រើប្រាស់មាន៖
បឹងកេត៖ ពហុកីឡដ្ឋានជាតិ (ភ្នំពេញ)
ក្រសួងមហាផ្ទៃ៖ កីឡដ្ឋាន AIA, KMH Park (ភ្នំពេញ)

គិតត្រឹមពេលនេះមានទស្សនិកជនប្រមាណជាង៦ម៉ឺននាក់ បានចូលទស្សនាការប្រកួតផ្ទាល់ក្នុងពានរង្វាន់លីគកំពូលកម្ពុជា តាមកីឡដ្ឋាននីមួយៗដែលជាសមាជិក CPL ស្របពេលការប្រកួតទើបតែបញ្ចប់ជើងទី១ ដោយនៅសល់ជើងទី២ និងវគ្គ Top6, វគ្គចំណាត់ថ្នាក់លេខ៧ដល់១១ ទៀត។
តាមគម្រោងពានរង្វាន់លីគកំពូលកម្ពុជា ដែលមានសមាជិកចំនួន១១ក្រុម ត្រូវប្រកួតពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។ ក្រៅពីទទួលបានពានរង្វាន់ និងប្រាក់លើកទឹកចិត្តច្រើនជាងគេ ក្រុមជើងឯក នឹងទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន និងជើងឯកកម្រិតទ្វីបអាស៊ី ផងដែរ៕

