អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា វុធ តុលា បច្ចុប្បន្នជាខ្សែប្រយុទ្ធប្រចាំក្រុមបន្ទាយមានជ័យ បានក្លាយជាកីឡាករមុនគេដែលត្រូវពិន័យកាតក្រហម២សន្លឹក ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ (17th Hun Sen Cup) ជើងឯកថ្នាក់ខេត្តឆ្នាំ២០២៤-២៥ នេះ ខណៈកាតដែលត្រូវលោកអាជ្ញាកណ្តាលពិន័យសរុបកើនដល់២០៤សន្លឹក។

វុធ តុលា ត្រូវបានពិន័យកាតក្រហមលើកទី១ ពេលប្រកួតទល់ក្រុមខេត្តឧត្តរមានជ័យ ក្នុងជើងទី១ ហើយកាតក្រហមទី២ គឺកើតឡើងក្នុងប្រកួតទល់ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប នៅក្នុងជើងទី២ ក្រោយខ្លួនរកបានគ្រាប់បាល់២គ្រាប់ម្នាក់ឯង នៅតង់ទី១ ចូលដល់តង់ទី២ ត្រូវលោកអាជ្ញាកណ្តាល នៅ តុលា ពិន័យកាតលឿងលើកទី១ នៅនាទី៨២ ហើយកាតលឿងលើកទី២ នៅនាទី៨៥ ស្មើនឹងកាតក្រហម១សន្លឹក។ នៅក្នុងប្រកួតនោះដែរជាប្រកួតដែលត្រូវពិន័យកាតច្រើនជាងគេផងដែររហូតដល់ទៅ១៣សន្លឹក។

គិតត្រឹមពេលនេះកីឡាករដែលត្រូវពិន័យកាតក្រហមទាំង១៨សន្លឹកមាន៖
វុធ តុលា របស់បន្ទាយមានជ័យ ២សន្លឹក
ហ៊ន់ សីហា របស់ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ១សន្លឹក
តូច សំណាង របស់បាត់ដំបង ១សន្លឹក
យន់ គឹមហាក់ របស់ ឧត្តរមានជ័យ ១សន្លឹក
ណយ ផានិត របស់ស្ទឹងត្រែង ១សន្លឹក
អ៊ឹង ស៊ីថាង របស់កំពង់ស្ពឺ ១សន្លឹក
យ៉ាត ហ្វីយ៉ាន របស់ភ្នំពេញហ្គាឡាក់ស៊ី ១សន្លឹក
ហៃ ផេងអាន របស់ព្រះសីហនុ ១សន្លឹក
ទុយ តុលា របស់ប៉ៃលិនស៊ីធី ១សន្លឹក
ប្រាក់ តាប់យ៉ា របស់បន្ទាយមានជ័យ ១សន្លឹក
ហៀង អ៊ីឈ៊ូ របស់បន្ទាយមានជ័យ ១សន្លឹក
ចាន់ សុភា របស់ព្រះសីហនុ ១សន្លឹក
ទីន ចាន់តុង របស់ប៉ៃលិនស៊ីធី ១សន្លឹក
ជួន សុខធារិទ្ធ របស់ព្រះសីហនុ ១សន្លឹក
ស៊ុង ស័នទិ របស់បន្ទាយមានជ័យ ១សន្លឹក
ឃឿត សៀវមិញ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ១សន្លឹក
មាស ជីវន្ត័ របស់ព្រះសីហនុ ១សន្លឹក

ជាមួយគ្នានេះដែរលោក នៅ តុលា ជាអាជ្ញាកណ្តាល ចាយកាតច្រើនជាងគេ ក្នុងចំណោមអាជ្ញាកណ្តាល២៣រូប គឺរហូតដល់ទៅ៣៧សន្លឹក ក្នុងនោះកាតក្រហមដល់ទៅ៦សន្លឹក។
នេះជាទិន្នន័យត្រួសៗក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត ហៀបនឹងបញ្ចប់វគ្គជម្រុះតាមពូល ដែលឆ្លងកាត់៤១ប្រកួតមកនេះ៕

