រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក លោក Marcelo Ebrard បានស្នើកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា រដ្ឋាភិបាលម៉ិកស៊ិកអាចសងសឹកជាមួយនឹងវិធានការពន្ធ លើការនាំចូលទំនិញពីសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋបាល លោក ដូណាល់ ត្រាំ ចូលមកបង្កើនពន្ធលើការនាំចេញទំនិញរបស់ប្រទេសម៉ិកស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Ebrard បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក Radio Formula ដែលក្នុងនោះលោក បានរំលឹកពីរបៀបដែលប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក គឺ លោក Donald Trump បានគំរាមកំហែងពន្ធ ២៥% លើទំនិញម៉ិកស៊ិក ក្នុងពេលលោកកាន់អំណាចកាលពីអាណត្តិមុន។

លោក បន្ថែមថា «ប្រសិនបើអ្នកដាក់ពន្ធ ២៥% លើខ្ញុំ ខ្ញុំត្រូវតែប្រតិកម្មជាមួយនឹងពន្ធដូចគ្នា។ ប្រសិនបើអ្នកអនុវត្តពន្ធគយ យើងនឹងត្រូវអនុវត្តវិធានការពន្ធដែរ។ ហើយនឹងបានអ្វីមកវិញ? គឺការខាតបង់ដ៏ធំសម្រាប់សេដ្ឋកិច្ចអាមេរិកខាងជើង»។
លោក Ebrard បានបន្តសង្កត់ធ្ងន់ថា វិធានការពន្ធនឹងធ្វើឱ្យអតិផរណានៅសហរដ្ឋអាមេរិកកើនឡើង ដែលនេះជា «ដែនកំណត់សំខាន់» ក្នុងការប្រឆាំងកុំឱ្យមានការសងសឹកបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ វិធានការដាក់ពន្ធអាចនឹងជាក្លាយបញ្ហាសម្រាប់សហរដ្ឋអាមេរិក ដែលមានម៉ិកស៊ិកជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ព្រោះប្រទេសម៉ិកស៊ិក គឺជាគោលដៅកំពូលសម្រាប់ការនាំចេញផលិតផលប្រេង និងឧស្ម័នធម្មជាតិរបស់អាមេរិក។
សូមជម្រាបថា ប្រទេសម៉ិកស៉ិក ក៏ជាទីផ្សារដ៏សំខាន់មួយសម្រាប់គ្រឿងបន្លាស់រថយន្ត បន្ទះឈីប និងគ្រឿងបន្លាស់អេឡិចត្រូនិកផ្សេងៗ សារធាតុគីមីទូទៅ និងឧបករណ៍កុំព្យូទ័រ របស់អាមេរិកផងដែរ៕

