គោរមងារ​ឧកញ៉ា ត្រូវ​បាន​ប្រទាន​ដោយ​ព្រះមហាក្សត្រ ដើម្បី​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​គុណសម្បត្តិ ស្នាដៃ និង​គុណបំណាច់​ធំធេង​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ និង​កសាង​ជាតិ​។

យោង​តាម​អនុក្រឹត្យ​ស្ដីពី បែបបទ និង​នីតិវិធី​នៃ​ការ​ស្នើសុំ និង​វាយ​តម្លៃ​ក្នុង​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​, រូបវន្ត​បុគ្គល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ផ្ដល់​គោរមងារ​ឧកញ៉ា ត្រូវ​មាន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម​៖ (​មាត្រា ១០​)

  • មាន​ប្រវត្តិរូប​ច្បាស់លាស់
  • មាន​កិរិយាមារយាទ​ល្អ
  • ពុំ​ធ្លាប់​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ណាមួយ
  • ប្រកប​មុខ​របរ​ស្របច្បាប់​។

គោរមងារ​ឧកញ៉ា​មាន​៣​លំដាប់​ថ្នាក់ ដូច​ខាង​ក្រោម​៖ (​មាត្រា ១១​)

  • លំដាប់​ថ្នាក់​ទី​១ លោក​អ្នក​ឧកញ៉ា
  • លំដាប់​ថ្នាក់​ទី​២ អ្នក​ឧកញ៉ា
  • លំដាប់​ថ្នាក់​ទី​៣ ឧកញ៉ា​។

ការ​ផ្ដល់​អំណោយ ដែល​ត្រូវ​ផ្ដល់​គោរមងារ​ឧកញ៉ា​លំដាប់​ថ្នាក់​ណា​មួយ ត្រូវ​ផ្ដល់​ជូន​រូបវន្ត​បុគ្គល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ផ្អែក​តាម គុណបំណាច់​របស់​រូបវន្ត​បុគ្គល​ម្នាក់ៗ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ និង​កសាង​ជាតិ តាម​រយៈ​ការ​ផ្ដល់​អំណោយ​ជា​ថវិកា និង​ធនធាន​ទ្រព្យសម្បត្តិ សម្ភារៈ​បរិក្ខារ​នានា​ជូន​រដ្ឋ​, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា ក្នុង​នោះ​រួម​មាន​ដូច​ជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ វត្តអារាម អគារ​សាធារណៈ ឬ​សមិទ្ធផល​ផ្សេងៗ ជា​អត្ថប្រយោជន៍​សម្រាប់​សង្គមជាតិ​។

ថវិកា​ដែល​ជា​អំណោយ ឬ​ទ្រព្យសម្បត្តិ​ដែល​បរិច្ចាគ ត្រូវ​មាន​ប្រភព​ច្បាស់លាស់ និង​ស្របច្បាប់​។

លោកអ្នកឧកញ៉ាទាំង៦នៃកម្ពុជា

លំដាប់​ថ្នាក់​ទី១ លោក​អ្នក​ឧកញ៉ា

ការ​ផ្ដល់​គោរមងារ​ជា​លោក​អ្នក​ឧកញ៉ា ត្រូវ​អនុវត្ត​ចំពោះ​គោរមវន្ត​ដែល​បាន​ទទួល​គោរមងារ​ជា​អ្នក​ឧកញ៉ា យ៉ាង​តិច ៥ ឆ្នាំ មាន​អាយុ​យ៉ាង​តិច ៤៥ ឆ្នាំ និង​ផ្ដល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ក្នុង​ទំហំ​ទឹកប្រាក់ ចំនួន ១៦ ០០០ ០០០ ០០០ (១ម៉ឺន ៦ពាន់លាន) រៀល​ឡើង​ទៅ បន្ថែម​ពី​លើ​សមិទ្ធផល​ផ្សេង​ទៀត​ដែល ជា​អត្ថប្រយោជន៍​សម្រាប់​សង្គមជាតិ​។

លំដាប់​ថ្នាក់​ទី​២ អ្នកឧកញ៉ា

ការ​ផ្ដល់​គោរមងារ​ជា​អ្នកឧកញ៉ា ត្រូវ​អនុវត្ត​ចំពោះ​គោរមវន្ត​ដែល​បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា យ៉ាង​តិច ៣ ឆ្នាំ និង​ផ្ដល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ៤ ០០០ ០០០ ០០០ (៤ពាន់លាន) រៀល ឡើង​ទៅ បន្ថែម​ពី​លើ​សមិទ្ធផល​ផ្សេង​ទៀត​ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​សង្គមជាតិ​។

លំដាប់​ថ្នាក់​ទី​៣ ឧកញ៉ា

រូបវន្ត​បុគ្គល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨ ឆ្នាំ និង​ត្រូវ​ផ្ដល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ២ ០០០ ០០០ ០០០ (២ពាន់លាន) រៀល​ឡើង​ទៅ ឬ​កសាង​សមិទ្ធផល​នានា​ជា​អត្ថប្រយោជន៍​សម្រាប់​សង្គមជាតិ ដែល​មាន​តម្លៃ​សមមូល​នឹង​ទំហំ ទឹក​ប្រាក់​ចំនួន ២ពាន់​លាន​រៀល​ឡើង​ទៅ​។

ក្រៅ​ពី​ការ​បរិច្ចាគ​ថវិកា និង​ទ្រព្យសម្បត្តិ​, គោរមងារ​ឧកញ៉ា​អាច​ផ្ដល់​ជូន​រូបវន្ត​បុគ្គល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ផ្អែក​តាម​គុណ​បំណាច់​របស់ រូបវន្ត​បុគ្គល​ម្នាក់ៗ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​និង​កសាងជាតិ តាម​រយៈ​របក​គំហើញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ ណា​មួយ ឬ​ស្នាដៃ​ពិសេស​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ​។ របកគំហើញ ឬ​ស្នាដៃ​ទាំង​នោះ​រួម​មាន​ដូច​ជា របក​គំហើញ ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា​ព័ត៌មាន វិទ្យាសាស្ត្រ​កុំព្យូទ័រ ឬ​វិស័យ​ប្រហាក់ប្រហែល ឬ​ស្នាដៃ​ពិសេស មាន​ជាអាទិ៍ ក្នុង​វិស័យ​សិល្បៈ កីឡា ស្ថាបត្យកម្ម វប្បធម៌ ប្រពៃណី សាសនា ជា​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ​។

គោរមវន្ត​ឧកញ៉ា​មាន​កាតព្វកិច្ច ត្រូវ​បង់​ប្រាក់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ ជូន​ដល់​រាជរដ្ឋាភិបាល​តាម​ឋានៈ​គោរមងារ​របស់​ខ្លួន ដូច​ខាង​ក្រោម​៖

  • ៤០០ ០០០ ០០០ រៀល ក្នុង​មួយ​ឆ្នាំ ចំពោះ​ លោក​អ្នក​ឧកញ៉ា
  • ៦០ ០០០ ០០០ រៀល ក្នុង​មួយ​ឆ្នាំ ចំពោះ ​អ្នក​ឧកញ៉ា
  • ៣២ ០០០ ០០០ រៀល ក្នុង​មួយ​ឆ្នាំ ចំពោះ ​ឧកញ៉ា​។

ហើយ​ប្រសិន​បើ​អាក់ខាន​មិន​បាន​បង់​ចំនួន​៣​ឆ្នាំ​ជាប់​គ្នា ដោយ​គ្មាន​មូលហេតុ គោរមងារ​ឧកញ៉ា នឹង​ត្រូវ​បញ្ចប់​។

សូម​ជម្រាប​ថា គោលការណ៍ លក្ខខណ្ឌ និង​នីតិវិធី នៃ​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា​ត្រូវ​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ស្ដីពី​គោរមងារ​ឧកញ៉ា ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំណែក​ឯ​ការ​កំណត់​អំពី​ការ​ស្នើ​សុំ និង​វាយ​តម្លៃ​ក្នុង​ការ​ផ្ដល់​គោរមងារ​ទៅ​តាម​ទំហំ​ទឹក​ប្រាក់​នៃ​អំណោយ​និង​វិភាគទាន របក​គំហើញ​បច្ចេកវិទ្យា​ថ្មីៗ ឬ​ស្នា​ដៃ​ពិសេស ដែល​មាន​លក្ខណៈ​បច្ចេកទេស​លម្អិត ត្រូវ​បាន​កំណត់​នៅ​ក្នុង​អនុក្រឹត្យ ស្ដីពី បែបបទ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​និង​វាយ​តម្លៃ​ក្នុង​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​។

អនុក្រឹត្យ​នេះ ក៏​បាន​កំណត់​ពី​បែបបទ និង​នីតិវិធី នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ផង​ដែរ ដើម្បី​ធានា​បាន​នូវ​សេចក្ដី​ថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណី​ល្អ សណ្ដាប់ធ្នាប់​សាធារណៈ សន្តិ​សុខជាតិ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។

រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន គណៈកម្មការ​អន្តរ​ក្រសួង​ពិនិត្យ និង​វាយតម្លៃ​លើ​សំណើសុំ​គោរមងារ និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ដែល​សរសេរ​ជា​អក្សរ​កាត់​ថា «​គ.ព.វ.គ.​» ដោយ​មាន​សមត្ថកិច្ច​ពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើសុំ​ផ្ដល់ និង​បញ្ចប់​គោរមងារ​ឧកញ៉ា​។ គណៈកម្មការ​នេះ​មាន​សមាសភាព ១០ រូប ដោយ​មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជា​ប្រធាន​, រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​អនុប្រធាន​, រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជា​អនុប្រធាន​ប្រចាំការ​។

ការ​ស្នើសុំ​ផ្ដល់​គោរមងារ​ឧកញ៉ា ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​ពាក្យ​ស្នើសុំ ប្រវត្តិ​រូប​សង្ខេប និង​ឯកសារ ពាក់ព័ន្ធ​ផ្សេងៗ​ទៀត តាម​លក្ខខណ្ឌ​តម្រូវ ដែល​មាន​ចែង​ក្នុង​មាត្រា ៤ នៃ​អនុក្រឹត្យ​ស្ដីពី បែបបទ និង​នីតិវិធី​នៃ​ការ​ស្នើសុំ​និង​វាយតម្លៃ​ក្នុង​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​។

សំណុំ​ឯកសារ​ស្នើសុំ​ផ្ដល់​គោរមងារ​ឧកញ៉ា ត្រូវ​ធ្វើ​ជា​ភាសា​ខ្មែរ និង​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​រយៈ​អគ្គនាយកដ្ឋាន​ឥស្សរិយយស​និង​គោរមងារ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​លេខាធិការដ្ឋានរបស់​គណៈកម្មការ​អន្តរ​ក្រសួង​ពិនិត្យ និង​វាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ និង​ការ​បញ្ចប់​គោរមងារឧកញ៉ា គ.ព.វ.គ.​។

ការ​ដាក់​ពាក្យ​ស្នើ​សុំ​ផ្ដល់​គោរមងារ​ឧកញ៉ា ត្រូវ​បង់​កម្រៃ​សេវា​។ កម្រៃ​សេវា​នៃ​ការ​ដាក់ពាក្យ​ស្នើសុំ​ផ្ដល់​គោរមងារ​ឧកញ៉ា ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរ​ក្រសួង​រវាង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕

Share.