ក្រោយស្ពាយឈ្មោះកំលោះមកជាយូរខែថ្ងៃទីបំផុតកាលពីពេលថ្មីៗនេះ តារាចម្រៀងនិយមច្រៀងបទស្រែកៗ លោក អ៊ីណូ បានដាច់ចិត្តបង្ហោះរូបចងដៃទទួលពរជ័យពីលោកអ្នកមានគុណជាមួយនឹងឧត្តមភរិយាដ៏សែនស្រស់ស្អាត និងគួរឱ្យស្រលាញ់មិនចាញ់តារាសម្ដែងប៉ុន្មាននោះទេ។

តារាចម្រៀង សាន្តពេជ្រ សុភារិទ្ធិ ហៅ អ៊ីណូ បានបង្ហោះរៀបរាប់ឱ្យដឹងថាលោកនិងភរិយាឈ្មោះអ្នកស្រី ថៃ ម៉ានីតា នឹងដឹកដៃគ្នាចូលរោងជ័យទទួលយកផ្កាស្លាពរជ័យពីលោកឪពុកអ្នកម្ដាយទាំងសងខាងជាថ្មីម្ដងទៀតនៅពេលដែលមេរោគកូវីដចង្រៃរលាយផុតពីពិភពលោកយើងនេះ។

បន្ទាប់ពីបង្ហោះចែករំលែកឱ្យដឹងថាខ្លួនបោះចោលឈ្មោះកំលោះ មានគូអនាគតកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនោះ ឈានចូលមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ីណូ បានបន្តបង្ហោះរូបភាពផ្អែមល្ហែមក្នុងនាមជាគូស្វាមីភរិយាថ្មោងថ្មីស្ថិតក្នុងដំណាក់កាលក្រេបទឹកឃ្មុំដោយលោកបានរៀបរាប់ឱ្យដឹងថាលោកនាំភរិយាទៅលេងនៅចំការ។

មិនទាន់អស់ត្រឹមប៉ុណ្ណេះទេ លោកបានសរសើរថាភរិយាជានារីនាំលាភសំណាងថែមទៀតព្រោះលក់ដាច់បិទចុងម៉ោងទាំងភ្លៀងចំនួន៣គ្រឿងក្ដៅៗផងដែរ។ ចំពោះសំណេរកោតសរសើររបស់លោកត្រូវបានមិត្តភក្ដិនិងអ្នកគាំទ្រចូលមកគាំទ្រ ថែមទាំងនិយាយថារកបានភរិយាល្អនាំលាភក៏ដូចជានាំសំណាងមកឱ្យស្វាមី។ល។
សង្កេតឃើញថាខណៈនេះគូស្វាមីភរិយាដែលទើបតែចាប់ដៃគ្នាថ្មីបង្កើតក្រុមគ្រួសារតូចរបស់ខ្លួនកំពុងតែមានសុភមង្គលនិងរីករាយជាមួយនឹងសុភមង្គលយ៉ាងពិតប្រាកដ។

