
សេចក្ដីព្រាងច្បាប់ស្ដីពីជលផល ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីលើកយកមកត្រួតពិនិត្យចុងក្រោយ ក្នុងកិច្ចប្រជុំដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្ដម វង្សី វិស្សុត និង មានការចូលរួមពី ឯកឧត្ដមទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នាទីស្ដីការគណៈរដ្ឋមន្ត្រី។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី, សេចក្ដីព្រាងច្បាប់នេះ ដែលមាន ១៥ ជំពូក និង ១០៥មាត្រា ព្រមទាំងឧបសម្ព័ន្ធចំនួន ២។
អ្នកនាំពាក្យបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះ ត្រូវបានរៀបចំឡើងឱ្យស្របតាមសភាពការណ៍វិវត្តន៍ឈានឡើងនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសការគ្រប់គ្រង និងអភិវឌ្ឍវិស័យជលផល។
ស្មារតីរួមនៃសេចក្ដីព្រាងច្បាប់នេះ គឺរួមចំណែកផ្ដល់នូវសារប្រយោជន៍ដល់ការគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យមាននិរន្តរភាព, ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារិវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផលិតផលជលផល, គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដារ ឱ្យមានសង្គតិភាពទៅនឹងបទដ្ឋានគតិយុត្តិអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មី ក្នុងការធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិ។
បន្ទាប់ពីប្រជុំត្រួតពិនិត្យរួចរាល់ សេចក្ដីព្រាងច្បាប់នេះ នឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីនាពេលខាងមុខ មុននឹងស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕

