ពានរង្វាន់​បាល់ទាត់​លីគ​នារី Cambodian Women’s League រដូវកាល​​២០២៤-២៥ ដែល​មាន​សមាជិក​១០​ក្រុម បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី​​១២ ក្នុង​ចំណោម​២១​សប្ដាហ៍ ខណៈ​ក្រុម​បាល់ទាត់​វិសាខា ជា​ក្រុម​ដំបូង​គេ រក​បាន​គ្រាប់​ដល់​១០០​គ្រាប់។

ក្រុម​បាល់ទាត់​នារី សលត៍ ខេត្តបាត់ដំបង ជាក្រុម​ដែល​មិន​ទាន់​រក​បាន​ជ័យ​ជម្នះ​សោះ កំពុង​ឈរ​បាតតារាង ១១ប្រកួត ចាញ់ទាំង១១ប្រកត ស៊ុតបាន ១០គ្រាប់ របូត​វិញ ១៥២គ្រាប់ គ្មានពិន្ទុ។

​អ្នកចាំទី​១រូប រក​គ្រាប់​បាល់​ឱ្យ​ក្រុម​របស់​ខ្លួន ក្លាយ​ជា​អ្នកចាំទី​មុន​គេ​ដែល​រក​គ្រាប់​បាល់​បាន។ អ្នក​ចាំ​ទី​រូប​នោះ​គឺ កីឡា​ការិនី ស្រង នះ របស់​ក្រុម​បាល់ទាត់​វិសាខា ដោយ​បាន​ទាត់​បញ្ជូល​ទី​ក្រុម​សលត៍ ​ខេត្ត​បាត់ដំបង កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​ជើង​ទី២ នៅ​ទីលាន​របស់​ក្រុម​សលត៍ ក្នុង​ខេត្ត​បាត់ដំបង។

មានតែ២ក្រុមប៉ុណ្ណោះដែល​បាន​ឈរកំពូលតារាង ក្នុង​នោះ​មានក្រុមនារី ភ្នំពេញក្រោន ឈរកំពូលតារាង ៩សប្ដាហ៍ ជាប់គ្នា​គិតចាប់​ពី​សប្ដាហ៍ទី៤ដល់ទី១២ ខណ: ក្រុម​នារីវិសាខា ឈរកំពូលតារាង សប្ដាហ៍ទី១ដល់ទី៣។

ចំណែក​​កម្មវិធី​ប្រកួត​បន្ត​នៅ​សប្ដាហ៍​ទី១៣ គ្រោង​ប្រកួត​នៅ​ថ្ងៃ​ទី​១៤​ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រោយ​ជម្រើស​ជាតិ​ត្រឡប់​មក​ពី​ប្រកួត​ជើង​ឯក​អាស៊ាន នៅ​ប្រទេស​ឡាវ វិញ​មាន៖
*កំពង់ធំ Vs ភ្នំពេញក្រោន
*សៀមរាប Vs បឹងកេត
*សលត៍បាត់ដំបង Vs កំពង់ឆ្នាំង
*មីស្ទើរលេង Vs ណាហ្គាវើលដ៍
*វិសាខា Vs ព្រះខ័នរាជស្វាយរៀង

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.