ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថា ថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោក លោកនឹងដំឡើងពន្ធថ្មីលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងចិន ដោយបានពង្រឹងការសន្យាក្នុងយុទ្ធនាការដ៏សំខាន់ដែលអាចមានឥទ្ធិពលយ៉ាងសំខាន់លើវិស័យពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NBC News នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា «លោកគ្រោងនឹងដាក់ពន្ធ ២៥% លើផលិតផលដែលនាំចូលពីម៉ិកស៊ិក និងកាណាដា និងពន្ធបន្ថែម ១០% លើទំនិញមកពីប្រទេសចិន»។ លោក ត្រាំ បានសរសេរទៀតថា «នៅថ្ងៃទី២០ ខែមករា ក្រិត្យមួយដំបូងក្នុងចំណោមក្រិត្យជាច្រើនរបស់ខ្ញុំ ខ្ញុំនឹងចុះហត្ថលេខាលើឯកសារចាំបាច់ទាំងអស់ ដើម្បីយកពន្ធ២៥% លើផលិតផលទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក»។

លោក Trump និយាយថា ពន្ធនឹងធ្លាក់ចុះមកនៅដដែលវិញ លុះត្រាតែប្រទេសទាំង២ ទប់ស្កាត់គ្រឿងញៀន ជាពិសេសសារធាតុហ្វង់តានីល (Fentanyl) និងជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់។


គួររំលឹកថា ប្រទេសម៉ិកស៊ិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មកំពូលទាំង ២ របស់សហរដ្ឋអាមេរិក ដែលមានទំហំពាណិជ្ជកម្ម ចំនួនជិត ៣០%។ ទាក់ទិននឹងបញ្ហាដំឡើងពន្ធវិញ ស្ថានទូតប្រទេសកាណាដា ចិន និងម៉ិកស៊ិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ កាលពីយប់ថ្ងៃចន្ទ សប្ដាហ៍។

