«សំណូមពរបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ធម្មតាអ្វីក៏ដោយ ស្ថិតនៅក្នុងអំឡុងការដ្ឋានប្រាកដណាស់ ជួបការលំបាក សូមជម្រាបជូនថាផ្លូវបាត់ដំបងមានរហូតដល់ទៅ១៧៤ខ្សែ។ បាត់ដំបងមានផ្លូវច្រើន កាយគាស់ រមែងប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សំណូមពរយោគយល់អធ្យាស្រ័យ»។ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភីបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។
សូមចុចអាន៖ អបអរសាទរ ក្រុងបាត់ដំបងប្រកាសជាផ្លូវការជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ខណៈដែលពលរដ្ឋមានការត្អូញត្អែរអំពីផ្លូវពិបាកធ្វើដំណើរដោយសារតែមានក្រឡុកបាយខុមនិងហុយទាំងនៅប៉ែកខាងលិចនិងខាងកើតស្ទឹងសង្កែនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋអំពីបញ្ហានេះ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានបង្ហាញនូវការការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការជំរុញផ្នែកពាក់ព័ន្ធដើម្បីបញ្ចប់គម្រោងស្ថាបនាក៏ដូចជាជួសជុលផ្លូវឱ្យបានឆាប់ដើម្បីធ្វើឱ្យខេត្តបាត់ដំបងមានផ្លូវស្អាត បរិស្ថានល្អ ជាក្រុងបៃតងក្នុងពេលឆាប់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្តនៅខេត្តកាន់តែច្រើនឡើងៗ។
«ខ្លួនខ្ញុំផ្ទាល់រមែងណែនាំដល់ឃុំសង្កាត់ មន្ទីរសាធារណការជាពិសេសក្រសួងសាធារណការ ឲ្យពន្លឿនកិច្ចការងារនេះដើម្បីធ្វើឱ្យឆាប់ហើយ។ កិច្ចការងារនេះ ជាពិសេសរដូវវស្សា ការងារលប់ហើយ ភ្លៀងរមែងមានក្រឡុកបាយខុម សំបុកមាន់ ដែលជាការលំបាកមួយ។ គម្រោងនេះមានការពិនិត្យពីអ្នកជំនាញច្បាស់លាស់ ហើយថាប៉ែកខាងកើតស្ទឹងអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ឯប៉ែកខាងលិចស្ទឹងអាចបញ្ចប់នៅក្នុងអំឡុងចុងឆ្នាំ ២០២៥។ គម្រោងខិតខំធ្វើឱ្យហើយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ ឯកឧត្តម សុខ លូ បន្ថែម។
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោមនេះ

ដូចបណ្តារាជធានី ខេត្តដទៃទៀតដែរ ខេត្តដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមួយនេះ មានការអភិវឌ្ឍន៍រីកចម្រើន និងប្រែមុខមាត់ថ្មីជាលំដាប់ទាំងផ្នែករូបវន្ដ និងអរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលក៏ដូចជាឆ្លើយតបតាមតម្រូវការចាំបាច់ សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ក្នុងន័យនេះ ក្រុងបាត់ដំបងបានទទួលគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមហិរញ្ញប្បទានថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីអភិវឌ្ឍក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងវៃឆ្លាត។ការអនុវត្តគម្រោងនោះ បានធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកនៅក្នុងការធ្វើដំណើរទៅប្រកបមុខរបរផ្សេងៗផងដែរ។គម្រោងដែលកំពុងត្រូវបាន អនុវត្ត ទាំងនោះរួមមាន៖
- ទី១. ទីលានចាក់សំរាមស្ដង់ដាដថ្មី ដែលគម្រោងទីលានច្នៃសំរាមថ្មីនេះសម្រេចបាន១០០%។ គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ទីលានចាក់សំរាមនេះជាការបោះជំហានថ្មីទៅរកការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាពក្នុងតំបន់។ នៅលើផ្ទៃដីទំហំជិត ៣ ហិកតា ទីលានអាចផ្ទុកសំរាមបានជាង ៣១ ម៉ឺនម៉ែត្រគុប និងជាផ្នែកមួយនៃផ្ទៃដីទាំងមូលទំហំ ២០,៨០ ហិកតា។
- ទី២. គម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងកទន្លេសាបជំហានទី២ ជាលទ្ធផលបានអនុវត្តសម្រេចបានប្រមាណជា៩៥% នៅខាងកើតស្ទឹងសង្កែក្នុងសង្កាត់រតនៈ និងសង្កាត់ព្រែកព្រះស្ដេច រួមមាន៖ ទុយោទឹកកខ្វក់សរុប ៩៤,៦៣គ.ម ទុយោមេ៣២,០៧គ.ម ទុយោរងប្រមូលចេញតាមផ្ទះ ៥៥,៨៦ គ.ម សាងសង់ផ្លូវបេតុងចូលទៅស្ថានីយ៍ប្រព្រឹត្តិកម្ម ៤,៨ គ.ម ទទឹង៦ម៉ែត្រ និងជួសជុលកែលម្អផ្លូវឡើងវិញក្រាលកៅស៊ូ DBST សរុបប្រវែង៣២,៤០ គ.ម មានចំនួន៥៨ខ្សែ និង
- ទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត អនុវត្តខាងលិចស្ទឹងមានផ្លូវលេខ១ លេខ២ លេខ៣ ជាដើម ដែលជាលទ្ធផលសម្រេចបាន ៥០,៦៦% នៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់ចំការសំរោង រួមមាន តំបន់សេវាកម្មនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង គ្របដណ្ដប់លើផ្ទៃដីសរុប ២០០ហិកតា និងផ្ទៃដីសាងសង់ស្ថានីយ៍ចម្រោះ ៨,៩០ហិកតា។
សូមចុចអាន៖ អ្នកទេសចរថៃ ឧស្សាហ៍មកបន់ស្រន់នៅវត្តដំរីស ខេត្តបាត់ដំបង
សូមចុចអាន៖ មិនថាកូនខ្មែរ និងបរទេស មកដល់បាត់ដំបងមិនគួររំលងសារមន្ទីរប្រវត្តិសាស្រ្តខេត្ត អតីតអគារសាលាខេត្តបាត់ដំបង
សូមចុចអាន៖ ភ្ញៀវបរទេសចាប់ផ្ដើមមកទស្សនាប្រាសាទឯកភ្នំច្រើន នៅអំឡុងខែវិច្ឆិកា











កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់នៃការអភិវឌ្ឍរបស់ខ្លួន ហើយកំពុងតែឈានទៅមុខយ៉ាងស្វិតស្វាញតាមទិសដៅដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងប្រកបដោយក្ដីសង្ឃឹម ក្រោមមគ្គុទេសន៍ដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី។ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយបានតម្រង់ទិសដៅធ្វើការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពទៅនឹងតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍពិសេសការឈានឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់២០៣០ និងមានចំណូលខ្ពស់ឆ្នាំ ២០៥០។
ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជរដ្ឋាភិបាលនៅគ្រប់អាណត្តិកន្លងទៅក៏ដូចជារាជរដ្ឋាភិបាលបន្តវេននៅនីតិកាលទី៧នៃរដ្ឋសភានេះ តែងតែណែនាំតម្រង់ទិសឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងដោះស្រាយគ្រប់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម សុខ លូ បានលើកទៀតថា រដ្ឋបាលខេត្តបាត់ដំបងមានផែនការមេធ្វើយ៉ាងណាឱ្យក្រុងបាត់ដំបងជាក្រុងបៃតង ផ្លូវស្អាត មានផ្លូវដើរ មានដើមឈើជាម្លប់ ហើយរក្សានូវសំណង់បុរាណជាង៨០០ខ្នង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្តនៅក្នុងខេត្ត។
ដោយបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ឯកឧត្តម សុខ លូបានបញ្ជាក់ថា នឹងជំរុញដល់គ្រប់ភាគីពាក់ព័ន្ធឱ្យពន្លឿនការងារខាងលើឱ្យសម្រេចបានតាមផែនការ និងលឿនរហ័ស ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងប្រកបរបររកស៊ីប្រចាំថ្ងៃ។
ជាចុងក្រោយ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្រាស្រ័យ គម្រោងក្នុងការដ្ឋានរមែងហុយ។ «យើងសុខចិត្តទ្រាំបន្ដិចលំបាករយៈពេលខ្លី ដើម្បីងាយស្រួលរយៈពេលវែង»។ យើងទ្រាំ បន្តិចទៀតនៅពេលគម្រោងរំដោះប្រព័ន្ធទឹកកខ្វក់ហើយ នឹងបម្រើផលប្រយោជាជាច្រើនដល់ប្រជាពលរដ្ឋ។ ខ្ញុំប្ដេជ្ញាចិត្តធ្វើយ៉ាងណាឱ្យហើយ ពោលគឺប៉ះពាល់តិចបំផុត ហើយទទួលបានផលច្រើន»៕
