ពានរង្វាន់ជើងឯកផ្នែកនារីប្រចាំតំបន់អាស៊ាន ASEAN Women’s Cup ដែលពីមុនមានឈ្នះថា AFF Women’s Championship ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ចាប់តាំងពីឆ្នាំ២០០៤មក ដោយធ្វើឡើងជារៀងរាល់ឆ្នាំ។

ឆ្លងកាត់ការរៀបចំចំនួន ១២លើករួចមក ឃើញថាក្រុមជម្រើសជាតិនារីថៃ អាយុក្រោម ២០ឆ្នាំ ឈ្នះជើងឯកច្រើនជាងគេ រហូតដល់ ៤លើកគឺនៅឆ្នាំ (២០១១, ២០១៥, ២០១៦ និង២០១៨) វៀតណាម ឈុត B ឈ្នះ ៣លើក (២០០៦, ២០១២ និង២០១៩) មីយ៉ាន់ម៉ា ចំនួន ២លើក (២០០០៤ និង ២០០៧)។
ចំណែកក្រុមដែលឈ្នះបាន ១លើកដូចគ្នាគឺ អូស្រ្ដាលី នៅឆ្នាំ២០០៨ ហ្វីលីពីន ឆ្នាំ២០២២ និងជប៉ុន នៅឆ្នាំ២០១៣ ខណ:ចិនតៃប៉ិ បានត្រឹមជើងឯករងបាន ១លើកនៅឆ្នាំ២០០៦។
ដោយឡែកសម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជាវិញ ធ្លាប់បានចូលរួមចំនួន ៣លើក នៅឆ្នាំ២០១៨ ២០១៩ និង២០២២ តែមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។

នៅឆ្នាំ២០១៨ ឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ ក្រុមនារីកម្ពុជា ស្ថិតនៅពូល A ជាមួយ៖ ថៃ អូស្ត្រាលី ម៉ាឡេស៊ី និងទីម័រខាងកើត ឆ្លងកាត់ ៤ប្រកួតឈ្នះ ១ចាញ់៣ មាន ៣ពិន្ទុ ឈរលេខ៤ ក្នុងពូល។

នៅឆ្នាំ២០១៩ ថៃ ជាម្ចាស់ផ្ទះ៖ ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ៖ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ឆ្លងកាត់ ៣ប្រកួត ចាញ់ទាំង៣។

នៅឆ្នាំ២០២២ ហ្វីលីពីន ជាម្ចាស់ផ្ទះ៖ ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ៖ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត ឆ្លងកាត់ ៤ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២ មាន ៤ពិន្ទុ ឈរលេខ៣។

កួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ជើងឯកផ្នែកនារីប្រចាំតំបន់អាស៊ាន 2024 ASEAN Women’s Cup ដែលប្រទេសឡាវ កំពុងធ្វើជាម្ចាស់ផ្ទះ មានក្រុមចូលរួមចំនួន ៦ បែងចែកជា ២ពូល មានពូល A៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ដោយក្នុង១ពូល គេយក ២ក្រុម លេខ១ និងលេខ២ ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕


