នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ការបង្កើនការគាំទ្រ ដល់អ៊ុយក្រែនមានសារសំខាន់ ដើម្បីជួយឱ្យអ៊ុយក្រែន អាចស្ថិតលើគោលជំហររឹងមាំបំផុតមួយ សម្រាប់កិច្ចចរចារកសន្តិភាព ស្របពេលលោកទទួលស្គាល់ថា សង្រ្គាមអ៊ុយក្រែនប្រហែលអាចបញ្ចប់បាន តាមរយៈការចរចា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo News នាថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤។

លោក Starmer និយាយថា «ដូច្នេះ យើងត្រូវតែបន្តគាំទ្រអ៊ុយក្រែន ហើយធ្វើអ្វីដែលអ៊ុយក្រែនត្រូវការ ទោះត្រូវចំណាយពេលយូរយ៉ាងណាក៏ដោយ ដើម្បីឱ្យអ៊ុយក្រែនស្ថិតក្នុងជំហររឹងមាំបំផុតមួយសម្រាប់ការចរចា ដូច្នេះពួកគេអាចទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ស្របតាមលក្ខខណ្ឌរបស់ពួកគេ ដែលធានាសន្តិសុខ ឯករាជ្យ និងសិទ្ធិជ្រើសរើសអនាគតរបស់ពួកគេ»។
លោក Starmer បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន ហើយបានព្រមានថា ជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អឺរ៉ុប។

ការអត្ថាធិប្បាយរបស់លោក Starmer កើតឡើងក្នុងគ្រាដ៏សំខាន់មួយនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយរុស្ស៊ីកំពុងឈានទៅមុខក្នុងសន្ទុះលឿនបំផុតចាប់តាំងពីឆ្នាំ២០២២ ហើយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនគាំទ្រការផ្តល់ជំនួយច្រើនលើសលប់របស់អាមេរិក ឱ្យទៅអ៊ុយក្រែន បានសន្យាថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ក្រោយពេលលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។

គួររំលឹកថា ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រប្រទេសអ៊ុយក្រែនយ៉ាងពេញទំហឹង ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយដោយរុស្ស៊ីកាលពីឆ្នាំ២០២២ ហើយជាប្រទេសដំបូងគេដែលផ្គត់ផ្គង់អាវុធទំនើបៗដល់អ៊ុយក្រែន រួមទាំងរថក្រោះប្រយុទ្ធ និងមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ៕

