
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឲ្យរួសរាន់ទៅទិញត្រីនៅអំឡុងថ្ងៃទី ៨ ដល់ទី ១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ព្រោះជាពេលដែលអំណោយផលដល់ការនេសាទត្រីបានច្រើន។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
អាស្រ័យហេតុនេះហើយ ទើបរដ្ឋបាលជលអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្ដីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន។
រដូវត្រីប្រហុក គឺជារយៈពេលដែលអាជ្ញាធរបើកឲ្យប្រជាពលរដ្ឋចេញនេសាទត្រីតូចៗ មានចង្វាស្លឹកឫស្សី និងត្រីរៀលជាដើម ដើម្បីធ្វើជា ប្រហុក ផ្អក និងត្រីឆ្អើ ហើយវាត្រូវនឹងពេលដែល ត្រីបំផ្លាស់ទីតាមចរន្តទឹកពីបឹងទន្លេសាបទៅ មេគង្គ។ រដូវធ្វើប្រហុកនៅកម្ពុជា ជាទូទៅចាប់ពីម្ដុំចុងខែវិច្ឆិកា រហូតដល់ខែកុម្ភៈ ហើយពឹងផ្អែកយ៉ាងខ្លាំងលើខ្យល់ម៉ូសុង និងការហូរបញ្ច្រាសវិញនៃខ្សែទឹកចូលបឹងទន្លេសាប។ ទឹកក្នុងបឹងទន្លេសាប មានលំហូរប្រែប្រួលក្នុងរដូវនីមួយៗ ដោយនៅខែវស្សាទឹកទន្លេមេគង្គហូរចាក់ទៅបឹងទន្លេសាប និងនៅរដូវប្រាំងទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញ៕


អត្ថបទ៖ ឈិន ធារ៉ាត់
