(យូណាន-ចិន)៖ នៅក្នុងការចងសាមគ្គីភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនអាចខ្វះបានតួនាទីរបស់អ្នកសារព័ត៌មាន នៅក្នុងការជំរុញផ្សព្វផ្សាយ។ នេះជាការលើកឡើងពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មានកម្ពុជា នៅឯនៅវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅ Xishuangbanna, ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជាប់វប្បធម៌ ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មាន ពីបណ្តាប្រទេសអាស៊ីខាងត្បូង និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ គួរឱ្យកត់សម្គាល់របស់កម្ពុជា លើវិស័យប្រព័ន្ធផ្សព្វផ្សាយជាមួយបណ្តាអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយចិន។ 

«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង» នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី។

តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ បានជំរុញឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់ ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។

ការបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីដើមឆ្នាំនេះ គឺជាការវិវត្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយតំបន់។

ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការរៀបចំវេទិកានេះ ដើម្បីនាំយកនូវអ្នកជំនាញដែលមានបទពិសោធមកជជែកពិភាក្សា និងបង្កើតកិច្ចសហការជាមួយគ្នាក្នុងចំណោមប្រទេសជាសមាជិក ដោយបានលើកយកឧទាហរណ៍អំពីគម្រោងរួមគ្នា មានដូចជា «ទេសចរណ៍យូណាន-អង្គរ ឬ Yunnan-Angkor Tours» ជាដើម។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានលើកឡើងជាអនុសាសន៍ចំនួន៤ ជូនដល់អ្នកចូលរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៖

១. ពង្រឹងវេទិកាចែករំលែកព័ត៌មាន និងរួមចំណែកក្នុងគម្រោងសហការដើម្បីបង្ហាញអំពីវប្បធម៌ចម្រុះ និងការអភិវឌ្ឍក្នុងតំបន់។

២. ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផលិតរួមគ្នា និងដោះស្រាយហានិភ័យដែលអាចបង្កឡើងដោយបច្ចេកវិទ្យាថ្មីៗ។

៣. បង្កើតកម្មវិធីបណ្តុះបណ្តាល និងការកសាងសមត្ថភាពក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។

៤. បង្កើនការចូលរួមក្នុងកិច្ចសន្ទនាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីពង្រីកវត្តមានរបស់បណ្តាញនេះនៅលើកម្រិតសកល។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់ស្ថាប័នរបស់ខ្លួន ដើម្បីផ្សព្វផ្សាយសារវិជ្ជមាន និងជំរុញការលើកស្ទួយផ្នែកវប្បធម៌ និងចែករំលែកអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

វេទិកានេះបានសង្កត់ធ្ងន់លើតួនាទី របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការកំណត់អនាគតតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាដៃគូដ៏សកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.