អ្នក​កំប្លែង​ល្បី​ឈ្មោះ​ ស្រេង សុកាន់ដា ហៅខ្ញុង បាន​ធ្វើ​ឱ្យ​បេះដូង​អ្នក​គាំទ្រ​សោកសៅ និង ​ស្រណោះ​​អាណិត​ជា​ពន់ពេក ក្រោយ​ឃើញ​រូប​ភាព​ អតីត​ស្វាមី​ជំទាវ​ឧកញ៉ា Love Riya គឺ​លោក​ ហេង​ គីមហៀង ឱបកូន​ស្រី​ដាក់​លើ​ភ្លៅ​ ហើយស្រក់ទឹក​ភ្នែក។

ចំណងស្នេហា​ផ្អែមល្ហែម​រវាង​ ឧកញ៉ា Love Riya និង​អតីតស្វាមី​លោក ហេង គីមហៀង បាន​ដើរ​ដល់​ផ្លូវ​បំបែក​ និង​បាន​សម្រេចចិត្ត​ចែក​ផ្លូវគ្នាដើរ​ ធ្វើ​ឱ្យ​លោក ហេង គីមហៀង ត្រូវ​បែក​ចេញ​ពី​កូន​ស្រី តេនៗ និង​កូនប្រុស​ផាយុ​ ទាំង​អាលោះ​អាល័យ។ ស្នេហា​ដែល​ធ្លាប់​តែផ្អែមល្ហែម​ប្រែជា​ល្វីងជូរចត់ និង​មិន​អាច​ផ្សះផ្សារគ្នា​បាន​នេះ​ បាន​នាំ​ឱ្យ​ជះឥទ្ធិពល​ដល់​កូន​ៗ ព្រោះ​ក្រោយ​ពីលែងលះ និង​លោក​ ហេង គីមហៀង ចាកចេញពី​ផ្ទះ ​កូនៗទាំង​ពីរ​ មិន​អាច​ជួប​មុខ​លោក​ឪពុក​រាល់​ថ្ងៃ​ បាន​ដូច​មុនទៀត​នោះ​ឡើយ។

យ៉ាងណាមិញ​ ថ្មីៗ​នៅ​ក្នុង​ថ្ងៃ​ខួបរបស់​កូន​ប្រុស​ពៅ ផាយុ ឧកញ៉ា Love Riya អ្នក​ជំនួញអនឡាញដ៏ល្បី ក៏ជា​ឱកាស​សម្រាប់​លោក​ ហេង គីមហៀង បាន​ជួបជុំ​ជាមួយ​នឹង​កូន​ប្រុស​ កូន​ស្រី​ផង​ដែរ។ រូបភាព​​វីដេអូ​ អ្នក​នាង​ ខ្ញុង បង្ហោះ​នោះ​បាន​ ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​​ស្រណោះ​ជា​ពន់ពេក​ ព្រោះ​ឃើញ​លោក ហេង គីមហៀង ឱបកូន​ស្រី​នៅ​លើ​ភ្លៅ និង​យក​ក្រដាសមក​ជូត​ទឹក​ភ្នែក​។

អ្នក​នាង ខ្ញុង បាន​សរសេរ​ភ្ជាប់​ជាមួយ​នឹង​រូបភាព​វីដេអូ​នោះ​ថា​៖ «អាណិត​ម្តេចខ្ញុំមើលវិដេអូនេះហើយ ទ្រូងខ្ញុំថប់ណែនអួលដើមកម្ល៉េះ​។ ​តើ​មាស​ប្រាក់​លុយ​កាក់​លុយ​ឡាន​វីឡា​កិ​ត្តិយស​មិន​អាច​ទិញ​សុភមង្គល​បាន​មែន​ទេ​។​ សុភមង្គល​គ្រួសារ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សេចក្តី​សុខ​កូន​ៗ​ ​តើ​ពេល​នេះ​អ្នក​ទាំង​ពីរ​ឈឺ​ប៉ុណ្ណា​ទៅ។​ សុំទោស​ដែល​​ខ្ញុំ​ផុស​»

Share.