អង្គការសហប្រជាជាតិ៖ ជម្លោះនៅស៊ីរី «មិនទាន់បានបញ្ចប់នៅឡើយទេ» ទោះបីជាអតីតប្រធានាធិបតី Bashar al-Assad ចាកចេញពីប្រទេសហើយក៏ដោយ បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសនេះបានព្រមានកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដោយគូសបញ្ជាក់ពីជម្លោះរវាងកងកម្លាំងគាំទ្រដោយតួកគី និងកម្លាំងឃើដនៅតែបន្តកើតមាននៅភាគខាងជើងនៃប្រទេស។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។

លោក Geir Pedersen បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកនៅស៊ីរី ក៏បានអំពាវនាវនៅក្រុមប្រឹក្សាសន្តិសុខឱ្យអ៊ីស្រាអែល «បញ្ឈប់រាល់សកម្មភាពតាំងទីលំនៅទាំងអស់នៅក្នុងតំបន់ Golan របស់ស៊ីរី ដែលអ៉ីស្រាអែលកំពុងគ្រប់គ្រង ហើយបាននិយាយថា ការដកទណ្ឌកម្មនឹងក្លាយជាគន្លឹះមួយដ៏សំខាន់ក្នុងការជួយប្រទេសនេះ។
នៅពេលនិយាយអំពីជម្លោះរវាងកងកម្លាំងគាំទ្រដោយតួកគី និងកងកម្លាំងឃើដ លោក Pedersen បានព្រមានថា «នៅតែមានជម្លោះដ៏ស្រួចស្រាល់ក្នុងរយៈពេលជាង ២សប្ដាហ៍ចុងក្រោយនេះ មុននឹងមានបទឈប់បាញ់មួយ»។
លោកថា «បទឈប់បាញ់រយៈពេល៥ថ្ងៃ ឥលូវ បានអស់ សុពលភាព ហើយខ្ញុំពិតជាបារម្ភអំពីសេចក្ដីរាយការណ៍នៃជម្លោះយោធា»។

ភ្លាមៗ ក្រោយការកត់សម្គាល់ លោក Pedersen បាននិយាយថា សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានសម្របសម្រួលឱ្យមានការបន្តសុពលភាពនៃបទឈប់បាញ់ រហូតដល់ចុងសប្ដាហ៍នេះ រវាងកងកម្លាំងគាំទ្រដោយតួកគី និងក្រុមអ្នកប្រយុទ្ធឃើដ នៅក្នុងទីក្រុង Manbij។
លោក Pedersen ក៏បាននិយាយផងដែរថា លោកបានជួបជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសស៊ីរី បន្ទាប់ពីការកាន់កាប់ដោយក្រុមឧទ្ទាម ហើយបានទស្សនា «គុកងងឹត» ដ៏ល្បីល្បាញរបស់ពន្ធនាគារ Sednaya និង «បន្ទប់ធ្វើទារុណកម្ម និងការប្រហារជីវិត» ដែលដំណើរការក្រោមរដ្ឋាភិបាលរបស់លោក Assad។
យ៉ាងណាម៉ិញ លោកបានអំពាវនាវឱ្យមាន «ការគាំទ្រយ៉ាងទូលំទូលាយ» សម្រាប់ប្រទេសស៊ីរី និងការបញ្ចប់ការដាក់ទណ្ឌកម្ម ដើម្បីអនុញ្ញាតឱ្យមានការកសាងឡើងវិញនូវប្រទេសដែលរងគ្រោះដោយសង្រ្គាម៕

