ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ នេះថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីការបញ្ចប់សង្រ្គាម ហើយមិនមានលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមកិច្ចចរចាជាមួយអាជ្ញាធរអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។

លោក ត្រាំ ដែលជាអ្នកជំនួញ និងជាអ្នកនិពន្ធសៀវភៅល្បីឈ្មោះ «Trump: the Art of the Deal» ធ្លាប់បានសន្យាថា នឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើលោកជាប់ឆ្នោត ប៉ុន្តែមិនទាន់បានបញ្ជាក់ពីវិធីសាស្រ្ត ដែលលោកនឹងប្រើប្រាស់នៅឡើយទេ។

ថ្លែងក្នុងកម្មវិធីសំណួរ ចម្លើយ ប្រចាំឆ្នាំជាមួយប្រជាជនរុស្ស៊ី តាមទូរទស្សន៍រដ្ឋ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានអាមេរិកថា លោក ត្រៀមខ្លួនជួបជាមួយលោក ត្រាំ ដែលលោកមិនបានជួបនិយាយជាមួយគ្នាអស់ជាច្រើនឆ្នាំ។

លោក ពូទីន បានបន្ដថា «យើងតែងតែនិយាយថា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា និងការសម្របសម្រួល»។ លោកថា «យើងត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែភាគីម្ខាងទៀតត្រូវតែត្រៀមខ្លួនសម្រាប់ការចរចា និងការសម្របសម្រួលដូចគ្នា»។

ទោះជាយ៉ាងណា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានបង្ហាញការប្រុងប្រយ័ត្ន ចំពោះការប្រកាសរបស់លោក ពូទីន ដោយពួកគេមានការព្រួយបារម្ភថា រុស្ស៊ីអាចនឹងប្រើប្រាស់ការចរចានេះជាលេស ដើម្បីពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់ដែលខ្លួនបានវាយយកបាននៅអ៊ុយក្រែន៕

ប្រភព៖ CNA

Share.