
ថ្លែងទៅកាន់អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់បណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្ដម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យពិចារណាលើការពង្រឹងសមត្ថភាពផ្នែកកោសល្យវិច័យ និង បណ្ដាញសន្តិសុខឈ្លាសវៃ។
ផ្នែកកោសល្យវិច័យ ឯកឧត្ដមបានជំរុញឲ្យកសាងមន្ទីរពិសោធន៍ ដែលបំពាក់ដោយបរិក្ខារទំនើបៗ ដែលមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យបានយ៉ាងសុក្រឹត ដែលការណ៍នេះ ទាមទារឲ្យមន្ត្រីនគរបាលមានសមត្ថភាពសក្ដិសមផងដែរ។
ចំណែកឯបណ្ដាញសន្តិសុខឈ្លាសវៃ គឺសំដៅដល់ការតាមដានមុខសញ្ញាបទល្មើសតាមរយៈកាមេរ៉ាសុវត្ថិភាពបំពាក់តាមគោលដៅសំខាន់ៗ។ គម្រោងនេះ កំពុងអនុវត្តនៅក្នុងខណ្ឌមួយនៃរាជធានីភ្នំពេញ និងទទួលបានជោគជ័យគួរឲ្យកាត់សម្គាល់។ បើតាមប្រសាសន៍របស់ឯកឧត្ដមរដ្ឋលេខាធិការ គម្រោងបណ្ដាញសន្តិសុខឈ្លាសវៃនេះ នឹងត្រូវពង្រីកនៅទូទាំងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបណ្ដាខេត្តគោលដៅជាបន្តបន្ទាប់។
ក្រៅពីអនុសាសន៍ណែនាំ ឯកឧត្ដម ទូច វិសាលសុខ បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើតបាននូវសមិទ្ធផលថ្មីៗជាច្រើន និងជំរុញឱ្យបណ្ឌិត្យសភាមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាល និងមន្ត្រីពន្ធនាគារ ឱ្យស្របតាមស្តង់ដារគុណភាពជាតិ និងអន្តរជាតិ។

ប្រសាសន៍របស់ឯកឧត្ដមរដ្ឋលេខាធិការខាងលើនេះ បានឆ្លើយតបទៅនឹងរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងសមិទ្ធផលធំៗ ជាច្រើនដែលបានលើកឡើងដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលធំៗ ជាច្រើនរបស់បណ្ឌិត្យសភាសម្រេចបានជាង៩០% នៃផែនការសកម្មភាព ឆ្នាំ២០២៤ ដោយសារតែមានការឧបត្ថម្ភគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការប្ដេជ្ញាចិត្ត ឆន្ទៈមោះមុត និងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចស្នូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់កម្រិត សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភា ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានធ្វើកិច្ចសហការល្អ និងជួយគាំទ្រឧបត្ថម្ភទាំងថវិកានិងសម្ភារៈ ដើម្បីកសាងធនធានរូបវន្តគ្រប់ប្រភេទ ដែលអាចបំពេញតាមតម្រូវការនៃការងារបណ្ដុះបណ្ដាល។
បន្ថែមលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានណែនាំដល់បណ្ឌិត្យសភា ត្រូវបន្តអនុវត្តកម្មវិធីកំណែទម្រង់ និងផែនការសកម្មភាពឆ្នាំ២០២៥ ដើម្បីធ្វើឱ្យសម្រេចបានផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដំណាក់កាលទី៣ របស់ខ្លួន ដែលបានកំណត់៕




អត្ថបទ៖ ឈិន ធារ៉ាត់

