មនុស្ស ៤នាក់បានស្លាប់នៅភាគនិរតីនៃប្រទេសតួកគី កាលពីថ្ងៃអាទិត្យ នេះ នៅពេលដែលឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់បានបុកជាមួយអគារមន្ទីរពេទ្យ ហើយបានធ្លាក់។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រនេះកំពុងហោះចេញពីមន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Mugla ដោយបានដឹកអ្នកបើកយន្តហោះ ២នាក់ វេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកពេទ្យម្នាក់ទៀត។

អភិបាលតំបន់ Mugla លោក Idris Akbiyik បានប្រាប់អ្នកយកព័ត៌មានថា ឧទ្ធម្ភាគចក្របានបុកជាន់ទី៤ នៃអគារមន្ទីរពេទ្យ មុនពេលធ្លាក់ដល់ដី។

យ៉ាងណាម៉ិញ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​អគារ ឬ​នៅ​លើ​ដី​បានរង​របួស​ឡើយ ចំពោះមូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ កំពុង​ត្រូវ​បាន​ស៊ើបអង្កេត។

វីដេអូពីកន្លែងកើតហេតុបង្ហាញពីកំទេចកំទីរាយប៉ាយជុំវិញបរិវេណខាងក្រៅអគារមន្ទីរពេទ្យ ដោយមានរថយន្តសង្គ្រោះបន្ទាន់ និងក្រុមសង្គ្រោះជាច្រើននៅនឹងកន្លែង៕

ប្រភព៖ Reuters

Share.