នេះគឺជាលើកទីមួយហើយ ដែលគេឃើញគណនីហ្វេសប៊ុករបស់តារាចម្រៀងជើងចាស់ សួន ចន្ថា បានបង្ហោះសាររៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ជាពិសេសគឺរឿងដែលស្វាមីមានជំងឺប្រចាំកាយរ៉ាំរ៉ៃអស់១២ឆ្នាំ គេងលើកន្ទេលដោយមិនមានត្អូញត្អែរ។

នៅក្នុងសំណេររបស់អ្នកស្រី សួន ចន្ថា បានរៀបរាប់យ៉ាងខ្លីថា៖ «១២ឆ្នាំមកហើយ ទោះលំបាកប៉ុណ្ណាក្នុងនាមអូនជាប្រពន្ធ អូនអំណត់មើលថែបងជានិច្ច ប្ដីសម្លាញ់ បើទោះជាអូនកំពុងបំពេញការងារមែនពិត តែអូននៅតែគិតដល់មនុស្សសំខាន់របស់អូន។ សូមទេវតាតាមបីបាច់ថែរក្សាបង សូមបងឹឆាប់ជា»


ថ្វីត្បិតតែការរៀបរាប់សាររបស់អ្នកចម្រៀងចាស់វស្សារូបនេះ មិនបានរៀបរាប់យ៉ាងក្បោះក្បាយពីការលំបាកនិងជីវិតតស៊ូរបស់អ្នកស្រី ក្នុងរយៈពេល១២ឆ្នាំមកនេះ ដែលត្រូវមើលថែទាំស្វាមីឈឺផង និងត្រូវទៅច្រៀង ឬប្រកបការងារផ្សេងៗដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ តែមហាជន បានសម្ដែងការកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់លោកស្រីក្នុងនាមជាភរិយាល្អមួយរូប។


