កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ«ទិវាសន្តិភាពកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម អភិបាលរងនៃរាជធានីភ្នំពេញ លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានជាច្រើនរូប។

ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក.

ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ការប្រកួតមិត្តភាពនេះគឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគ្រូបង្វិកកិត្តិយសក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ដែលរាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល តាមរយៈនយោបាយ ឈ្នះ ឈ្នះ ជា «ទិវាសន្តិភាពនៅកម្ពុជា» កាលពីឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ទិវាសន្តិភាព មានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញនូវភាពសំបូរសប្បាយរបស់ប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

នាឱកាសនោះ ឯកឧត្តម ខៀវ ភារិទ្ធ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសារទរ«ទិវាសន្តិភាពកម្ពុជា» មានគោលបំណង ដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា ជាប្រវត្តិសាស្ត្រ និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ ឯកឧត្តមបានបន្ថែមថា ស.ស.យ.ក. បានត្រៀមខ្លួនរួចរាល់ក្នុងការអបអរសាទរ «ទិវាសន្តិភាពកម្ពុជា» និងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយជូនបងប្អូនប្រជាជនខ្មែរ។

ទស្សនាវីដេអូលម្អិត​ក្នុង​ពិធីសន្និសីទ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ«ទិវាសន្តិភាពកម្ពុជា»៖

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសារទរ«ទិវាសន្តិភាពកម្ពុជា» នឹង​មាន​ការចូលរួម​ប្រកួត​ចំនួន ៤ក្រុម​រួម​មាន ក្រុម​ថ្នាក់ដឹក​នាំស.ស.យ.ក. កម្ពុជា ​ និង​ក្រុម​កីឡា​បាល់ទាត់​តារាកម្ពុជា ឈុត A និងឈុត B ដែលនឹង ប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ៕

Share.