លោក ហ្វៃ សំអាង អ្នក​ដឹកនាំ​រឿង​ជើង​ចាស់ និង ​ជា​អ្ន​ក​និពន្ធ​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឱ្យ​ដឹងថា​ ​ភាពយន្ត​ភាគ​ខ្នាតធំ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ រឿង​អប្សរាមហាអង្គរ​ បាន​ថត​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ហើយ ក្រោយ​បាន​សម្ងំ​ផលិត​អស់​រយៈពេល​២​ឆ្នាំ​ពេញ​។

ភាពយន្ត​ប្រឌិត ​យក​លំនាំ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​នេះ គឺជា​រឿង​ទីមួយ​ដែល​បាន​រំលេច​សាច់​រឿង​ក្នុង​សម័យ​អង្គរ ត្រូវ​បាន​អ្នក​និពន្ធ និងដឹកនាំ​ឆ្នើម​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ ៣០ឆ្នាំ​កន្លងមក​នេះ ​ទម្លាយ​ឱ្យ​ដឹង​​ទៀតថា អប្សរាមហាអង្គរ គឺជា​រឿង​ដែល​មាន​ការ​លំបាក​ច្រើន ព្រោះ​ Production ធំ ជាពិសេស​គឺជា​រឿង​ដែល​លោក​តាំង​ចិត្តផលិតនេះ មាន​ខ្ទង់​ចំណាយ​រហូត​ដល់​ខ្ទង់លាន​ដុល្លារ​ ប៉ុន្តែ​មិន​ច្បាស់ថា​នឹង​អាច​ស្រង់​ដើម​បាន​វិញ​ឬអត់​នោះ​ឡើយ។

ត្បិត​មិន​ដឹងថា​នឹង​មាន​ចំណូល​អាច​ស្រង់​ដើម​បាន​ឬអត់​ក្ដី​ តែ​លោក ហ្វៃ សំអាង ក៏បាន​លើកឡើងបន្ត​ទៀត​ដែរថា ប្រសិនបើ​មិន​ព្យាយាម​ផលិត​រឿង​ឱ្យ​មាន​គុណភាព​ទេនោះ ក៏មិន​អាចចូលរួម​គ្នា​ដើម្បីលើក​ស្ទួយ​វិស័យ​ភាពយន្ត​បាន​ដែរ។

គួរដឹងថា​ភាពយន្ត​ភាគ​ខ្នាតធំ​យក​លំនាំ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរនា​សម័យអង្គររឿង​អប្សរាមហាអង្គរ គឺជាស្នាដៃ​ដឹកនាំ​ដោយ​លោក​ហ្វៃ​សំអាង រឿង​នេះ​​គ្រោង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់ ទូរទស្សន៍​ហង្សមាស ប៉ុន្តែ​ចំពោះ​កាល​បរិច្ឆេទ​ថា​នឹង​ចាក់​បញ្ចាំង​នៅ​ពេល​ណា​នោះ នៅ​មិន​ទាន់​បាន​កំណត់​ជាក់លាក់​នៅ​ឡើយទេ​៕

Share.