ពោធិ៍សាត់÷ ដើម្បីលើកកម្ពស់សោភណ្ឌភាពនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យកាន់តែស្រស់បំព្រងពណ៌បៃតងជាមួយនឹងទិដ្ឋភាពព័ទ្ធជុំវិញដោយធនធានធម្មជាតិព្រៃភ្នំ ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ បានដាក់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងមណ្ឌលសុខភាព សាលារៀន វត្តអារាម និងទីសាធារណៈនានាប្រកបដោយអនាម័យបរិស្ថានល្អស្អាតឲ្យបានជាប្រចាំ។

ឯកឧត្តមដាក់ផែនការបែបនេះ ក្នុងពេលដឹកនាំមន្ត្រីរាជការ តាមស្ថាប័នអង្គភាពមន្ទីរ ពាក់ព័ន្ធទាំងអស់ ចុះពិនិត្យគ្រប់ទីតាំងនិងតាមក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋអតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ថ្ងៃទី 26 ខែធ្នូឆ្នាំ 2024 នេះ ដោយឯកឧត្តមអភិបាលខេត្តបានចង្អុលការជាក់ស្ដែង ដល់គ្រប់អង្គភាពស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំរបៀបរៀបរយសណ្ដាប់ធ្នាប់ឲ្យបានល្អ នៅក្នុងមណ្ឌលសុខភាព សាលារៀន កសាងបង្កើតជាសួនច្បារ សំអាតអនាម័យឲ្យបានជួបជាប្រចាំ មើលថែទឹកដើមឈើ ដែលបានដាំរួចហើយនោះ ឲ្យបានល្អ។

ដោយឡែកនៅតាមដងផ្លូវផ្លូវនានានិងត្រូវបំពាក់អំពូលសូឡានិងនៅតាមខ្នងផ្ទះ ក៏ដូចគ្នាដែរ បងប្អូនប្រជាពលរដ្ឋត្រូវតែរៀបចំឲ្យមានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អ សម្អាតអនាម័យបរិស្ថាន ឲ្យបានជាប់ជានិច្ចនោះនិងមានការលើកទឹកចិត្តជាពលរដ្ឋគំរផងដែរ។

សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិបង្កើតថ្មី នៅលើដែនដីសម្បទានសង្គមកិច្ចជូនចំពោះអតីតយុទ្ធជនរស់នៅនាពេលបច្ចុប្បន្នមានចំនួន 628 គ្រួសារ ក្រោមការយកចិត្តទុកដាក់គិតគូរពស់ពីសំណាក់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ទាំងដីធ្វើទាំងផ្ទះ កសាងមណ្ឌលសុខភាព សាលារៀន ផ្លូវថ្នល់ខ្វាត់ខ្វែង វត្តអារាម បណ្ដាញអគ្គិសនី សាងសង់ទំនប់ស្ទាក់ទឹក បំពាក់អំពូលភ្លើងសូឡា អណ្ដូងទឹក ផ្គត់ផ្គង់ជាស្បៀងអាហារ រួមនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនិងបន្តកើតមានជាបន្តបន្ទាប់៕









អត្ថបទ÷ ពោធិ៍សាត់
