កន្លងមកក៏ដូចជាបច្ចុប្បន្ន​ នៅក្នុងសង្គមខ្មែរ គេកត់សម្គាល់ច្រើនតែឃើញមានផ្នត់គំនិតដែលមាននិន្នាការចម្បងពីរផ្ទុយគ្នាស្រឡះគឺបើស្តាំគឺនៅត្រង់បន្ទាត់ត្រឹមខាងស្តាំ ហើយបើសិនជាខាងឆ្វេងវិញគឺត្រូវតែនៅត្រឹមត្រង់បន្ទាប់ខាងឆ្វេងដូចគ្នា។និយាយឲ្យងាយយល់ជាងនេះ គឺថា បើសិនជាក្រុមណាមួយគាំទ្រឬក៏ឈរនៅបុគ្គលឬក្រុមណាមួយហើយ គឺត្រូវតែរួមគ្នាធ្វើយ៉ាងណាដើម្បីរកអំណះអំណាងការពារបុគ្គលឬក្រុមនោះ និងព្យាយាមស្វែងរកហេតុផលឬក៏ទឡ្កីករណ៍ផ្សេងដើម្បីវាយបកទៅលើកក្រុមដែលមានឈរនៅខាងខ្លួន។

ផ្ទុយមកវិញ ក្រុមដែលមាននិន្នាការម្ខាងទៀតឬក៏ថា អ្នកដែលមិនគាំទ្រចំពោះក្រុមបុគ្គលនៅក្នុងក្រុមដែលស្មេរបានលើកឡើងនៅមុននេះ ក៏មានការតាំងចិត្តប្តេជ្ញាខ្ពស់រកហេតុផល ដើម្បីវាយបកទៅលើក្រុមទី១ដូចគ្នា។

ជាឧទាហរណ៍រឿងរ៉ាវជាក់ស្តែងពាក់ព័ន្ធនឹង ការធ្វើសមាធិ បាននិងកំពុងតែក្លាយទៅជាប្រធានបទវែកញែកដែលមានទាំងតាមវេទិកាប្រព័ន្ធផ្សព្វផ្សាយផ្លូវការនិងអ្នកជាមាតិកាក្តីគគុកសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា។ក្នុងចំណោមអ្នកលើកឡើងទាំងនោះ មានអ្នកខ្លះរហូតឈានទៅដល់ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះវាគ្មិនថែម ទៀតផង។

ស្មេរគប្បីរំលឹកបន្តិចត្រង់ចំណុចនេះ គឺលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈវីដេអូឃ្លីបដែលត្រូវបាន ផ្សព្វផ្សាយ បានលើកឡើងថា វ័យក្មេងៗ មិនមែនជាវ័យទៅធ្វើសមាធិទេ ផ្ទុយទៅវិញ ជាវ័យត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវអានសៀវភៅ និងយកចំណេះជំនាញទៅធ្វើការដែលលោកបណ្ឌិតហៅថា ជាវ័យប្រយុទ្ធ មិនមែនជាវ័យធ្វើសមាធិទេ។ក្នុងន័យនេះ  លោកបណ្ឌិត សុខ ទូច បានឱ្យតម្លៃខ្ពស់ទៅលើការខិតខំរៀនសូត្រ ការអានសៀវភៅ និងការចាប់យកជំនាញណាមួយសម្រាប់យុវជនកម្ពុជា។ លោកបណ្ឌិតថា អ្នកធ្វើសមាធិច្រើនតែមនុស្សដែលមានវ័យចំណាស់ អ្នកមានលុយកាក់ មិនមែនជាអ្នកមិនមានអ្វីសោះក្នុងខ្លួននោះទេ។បើពិនិត្យមើលទៅលើអ្វីដែលលោកបណ្ឌិតបានលើកឡើង គឺលោកហាក់មិនមានចេតនាអាក្រក់ណាមួយក្នុងការហាមឃាត់មិនឲ្យក្មេងៗ ឬក៏យុវជនទៅធ្វើប្រតិបត្តិសមាធិនោះឡើយ គឺលោកគ្រាន់តែបញ្ចេញទសន្សៈតែប៉ុណ្ណោះ។

ជាការកត់សម្គាល់ ក្រោយពីការលើកឡើងនោះ គឹសង្កេតឃើញមានប្រជាពលរដ្ឋពិសេសព្រះសង្ឃរួមទាំងអ្នកដែលធ្លាប់បានប្រតិបត្តិសមាធិ បានបញ្ចេញប្រតិកម្មព្រោងព្រាតនៅតាមបណ្តាញសង្គម ដែលក្នុងចំណោមមតិយោបល់ដែលជំទាស់ទៅនឹងការលើកឡើងរបស់ ប្រធានរាជបណ្ឌិត្តយសភាកម្ពុជារូបនោះ បានប្រើពាក្យពេចន៍មិនសមរម្យនិងថែមទាំងមានខ្លះរហូតដល់ត្មះតិះដៀលលោកថែមទៀត។

សម្រាប់ក្រុមដែលមិនគាំទ្រលោកបណ្ឌិត្យសុខ ទូចយល់ថា” សមាធិ គឺសម្រាប់មនុស្សទូទៅ សមាធិជួយឱ្យមនុស្សមានសន្តានចិត្តល្អ មានសេចក្តីសុខស្ងប់ និងមានការព្យាយាមខ្លាំងក្លា”ជាដើម។

ដើម្បីចៀសវាងនូវភាពប្រេះឆាដោយសារតែការបញ្ចេញទស្សនៈនិងការយល់ឃើញមិនស្របគ្នាក្នុងចំណោមជនរួមជាតិ ស្មេរយល់ថា ភាគីទាំងសងខាងគួរតែបើកចិត្តទទួលយក មតិជំទាស់និងការយល់ឃើញណាមួយដែលមិនស្របនឹងទស្សនៈរបស់ខ្លួនឬក៏បុគ្គលដែលខ្លួនគំាទ្រ។ត្រូវតែសិក្សាឲ្យបានស៊ីជម្រៅនូវទស្សនៈឬក៏ចេតនានៃវាគ្មិនដែលបានលើកឡើងនោះ។ មិនគួរវាយប្រហារគ្នាដោយពាក្យសម្តីមិនសមរម្យ ក្នុងចេតនាបណ្តុះនូវទស្សនៈស្អប់ខ្ពើមរឺជំរុញឲ្យមានការរើសអើងកើតឡើងចំពោះបុគ្គលឬក្រុមណាមួយនោះឡើយ ទោះជាក្រុមបណ្ឌិត បញ្ញាវ័ន្តទាំងជាសង្ឃនិងគ្រហស្ថក្តី។

គ្រប់គ្នាគួរតែយល់ថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យ។ ដូច្នេះគ្រប់គ្នាគួរតែបើកចិត្តទទួលទស្សនៈយល់ឃើញខុសគ្នាទៅលើបញ្ហាផ្សេងៗឬក៏របៀបប្រតិបត្តិនៅក្នុងសង្គមនាពេលកន្លងមក។ សូមចាត់ទុកថា ពហុមតិ គឺជាលម្អនៃសង្គមប្រជាធិបតេយ្យ នោះគ្រប់ គ្នានឹងនៅតែអាចសម្លឹងមុខគ្នាប្រកបដោយភាតរភាព ក្នុងនាមជាជនជាតិដែលមានឈាមជ័រ តែមួយដូចគ្នា គឺឈាមខ្មែរ។សូមកុំធ្វើឲ្យសង្គមបែកបាក់ដោយសារតែទស្សនៈខុសគ្នាអី ព្រោះឆ្នាំ២០២៥ហើយ!

Share.