យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា លោក គីម ជុងអ៊ុន បានដាក់ចេញច្បាប់ថ្មី ស្ដីពីការហាមប្រាមមិនឱ្យប្រជាជនកូរ៉េខាងជើង បរិភោគអាហារហ្វាស់ហ្វូត (Fast Food) ហតដក (Hot dog) ដែលជាប្រភេទអាហារដ៏ពេញនិយមមួយរបស់លោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន MSN នាថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥។

ម្ចាស់ហាងលក់់អាហារអាយុ ៤០ឆ្នាំម្នាក់ បានអះអាងថា អាហារហ្វាស់ហ្វូត (Fast Food) ហតដក (Hot dog) ដ៏ពេញនិយមរបស់លោកខាងលិច មិនត្រូវបានអនុញ្ញាតឱ្យដាក់លក់ក្នុងប្រទេសទៀតទេ ហើយនិយាយថា បើនៅបន្ដដាក់លក់អាហារ ឬហូប ហតដក នេះទៀត នឹងត្រូវចាត់ទុកថា ជាទង្វើក្បត់ជាតិ រួមទាំងត្រូវប្រឈមនឹងការដាក់ទោសផ្សេងៗ នៅជុំរុំពលកររបស់រដ្ឋកុម្មុយនិស្ដមួយនេះ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun កាល​ពី​ថ្ងៃ​ទី៤ ​ខែ​មករា ​ឆ្នាំ​២០២៥ ​ក្រឹត្យ​នេះ​ជា​​ការ​អនុវត្ត​​ថ្មី​ចុង​ក្រោយ​​បំផុត​​របស់​​ក្រុង​ព្យុងយ៉ាង ក្នុង​​ការ​​បង្រ្កាប​​​អ្វី​ដែល​ខ្លួន​មើល​ឃើញ​ថា​ជា​ការ​ឈ្លានពាន​នៃ​វប្បធម៌​លោក​ខាង​លិច​។

អាហារ ហតដក មិនមែនជាអាហារតែមួយគត់ ដែល​លោក គីម បាន​ហាមប្រាម​​នោះទេ។ កន្លង​មក មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើងរូបនេះ បានហាមឃាត់ការលក់​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដូចជា ប្រភេទ​មីហឹរ និង​នំ tteokbokki ដែលជាអាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ក្រៅ​តែ​​ពី​អាហារ កូរ៉េ​ខាង​ជើង​ក៏​បាន​ចេញ​ច្បាប់​ថ្មី​ជា​ហូរហែ ដើម្បី​ដាក់​ទោស​ប្រជាជន​របស់​ខ្លួន​ដែរ ជាក់ស្ដែង​កាល​ពី​ខែ​ធ្នូ​ កន្លង​ទៅ ប្ដី​ប្រពន្ធ​ដែល​លែងលះគ្នា នឹង​ត្រូវ​ប្រឈម​ទោស​​ឧក្រិដ្ឋកម្ម​ពី​ ១​​ទៅ​៦​ខែ​នៅ​ក្នុង​ជុំរុំ​ពលករ ដែលការលែងលះនេះត្រូវបានប្រទេសកុម្មុយនិស្ដនេះចាត់ទុកថា ជាទង្វើប្រឆាំងនឹងសង្គម៕

ប្រភព៖ MSN

Share.