គិតត្រឹមថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដ៏ខ្លាំងខ្លា ជាប្រវត្តិសាស្រ្តរបស់ទីក្រុង Los Angeles សហរដ្ឋអាមេរិក កើនឡើងដល់ ២៤នាក់ហើយ ខណៈក្រុមពន្លត់អគ្គិភ័យ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ទៀតកំពុងបាត់ខ្លួន ហើយអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ រងរបួស និងបាត់ខ្លួននឹងកើនឡើង។ បច្ចុប្បន្នក្រុមពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងព្យាយាមគ្រប់គ្រងស្ថានការណ៍ឱ្យបានមុនពេលខ្យល់បក់ខ្លាំងត្រូវបានរំពឹងថាអាចនឹងមកដល់ឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP News នាថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥។

ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅក្នុងទីក្រុង Los Angeles ៦ថ្ងៃជាប់ៗគ្នាកាលថ្ងៃអាទិត្យ ដោយបានលេបត្របាក់ផ្ទះសម្បែង និងបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅ។

ក្រុមអ្នកពន្លត់អគ្គិភ័យវិញ កំពុងប្រឹងប្រែងគ្រប់គ្រងភ្លើងឆេះព្រៃឈ្មោះ Palisades Fire ដែលកំពុងឆេះរាលដាលសំដៅទៅរកតំបន់ Brentwood និងតំបន់ San Fernando Valley ដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើន។ ប៉ុន្តែក្រុមមន្ត្រីអាមេរិក បានព្រមានថា ស្ថានការណ៍បែបនេះអាចនឹងកាន់តែអាក្រក់ឡើង និងអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស នៅចំពោះមុខការព្រួយបារម្កពីខ្យលបក់ខ្លាំងដែលមានល្បឿនដល់ទៅ ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅប៉ុន្មានថ្ងៃខាងមុខ ដោយស្ថានការណ៍គ្រោះថ្នាក់អាចនឹងត្រូវបានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះ។

សូមជម្រាបថា ភ្លើងឆេះព្រៃឈ្មោះ Palisades Fire បច្ចុប្បន្ន បានឆាបឆេះដោយបង្កការបំផ្លិចបំផ្លាញលើផ្ទៃដី ៩,៥០០ហិកតា ហើយអាជ្ញាធរកំពុងគ្រប់គ្រងភ្លើងឆេះព្រៃនេះបាន ១១ភាគយហើយ ដោយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាព៕

