ខុទ្ទកាល័យ ឯកឧត្ដម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទម្លាយ​ថា ម្ចាស់​គណនី​ហ្វេស​ប៊ុក Sithy Heng ដែល​ប្រើ​គោរមងារ​ជា​ឧកញ៉ា ហេង សិទ្ធី ជា​បុគ្គល​ដែល​នគរបាល​ជាតិ​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន ដោយ​បុគ្គល​រូប​នេះ​រង​បណ្ដឹង​ជា​ច្រើន​ករណី និង​មិន​ព្រម​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​។ ខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​សន្និដ្ឋាន​ថា ព្រោះ​ហេតុ​ដូច្នេះ ហើយ បាន​ជា​បុគ្គល​នេះ ប្រើ​បណ្ដាញ​សង្គម​ផ្សាយ​ព័ត៌មាន​បំភ្លៃ បំភ័ន្ត​ចោទ​ប្រកាន់​លើ​គេ​ឯង​ជា​បន្តបន្ទាប់ ដោយ​បំពាន​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ធ្នាក់​អូសទាញ​ប្រទេស ឬ​អង្គការ​មួយ​ចំនួន ឱ្យ​ចេញ​មុខ​ការពារ​ខ្លួន ឬ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ក្រោម​លេស​ដូច​ដែល​ក្រុម​ប្រឆាំង​និយម​ធ្វើ តៗ​គ្នា​ដោយ តាំង​ខ្លួន​ជា​អ្នក​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។ ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចាត់​ទុក ទង្វើ​បុគ្គល​ឈ្មោះ ហេង សិទ្ធី ឬ​ម្ចាស់​គណនី Sithy Heng មិនមែន​ជា​សេរីភាព​បញ្ចេញ មតិ​នោះ​ឡើយ​។

តំណាង​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ជាតិ និង​អង្គភាព​ក្រោម​ចំណុះ ខុទ្ទកាល័យ​ឯកឧត្ដម​អភិសន្តិ​បណ្ឌិត បាន​ទាមទារ​ឲ្យ​ម្ចាស់​គណនី Sithy Heng បង្ហាញ​នូវ​ភស្តុតាង​ជាក់​ស្ដែង​ជា​សាធារណៈ ប្រកប​ដោយ​ទំនួល​ខុសត្រូវ​។ ជា​មួយ​គ្នា​នេះ ខុទ្ទកាល័យ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត​ព្រមាន​ថា បុគ្គល​រូប​នេះ កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​លើ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង ញុះញង់​ឱ្យ​មាន​ការ​រើសអើង ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​ជម្រាប​ថា កាល​ពី​ពេល​ថ្មីៗ​នេះ គណនី​ហ្វេសប៊ុក Sithy Heng ដែល​គេ​ស្គាល់​ថា មាន​ងារ​ជា​ឧកញ៉ា ឈ្មោះ ហេង សិទ្ធី ម្ចាស់​ក្រុមហ៊ុន Maritime Group បាន​បង្ហោះ​ខ្លឹមសារ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ នៃ​ក្រសួង​មហាផ្ទៃ និង​នគរបាល​ជាតិ​៣​រូប រួមមាន ឯកឧត្ដម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ស ថេត ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ការពារ​អំពើ​ខុស​ច្បាប់ និង​ក្លែង​លិខិត​សាធារណៈ​ជា​ដើម​។

នៅ​ក្នុង​ទម្រង់​លិខិត ដែល​គណនី​ហ្វេសប៊ុក Sithy Heng បង្ហោះ នៅថ្ងៃទី ៧ មករា ២០២៥ នេះ បាន​ប្រកាស​ថា ជា​លិខិត​បណ្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​អះអាង​ថា ខ្លួន​ជា​បុគ្គល ហេង សិទ្ធី តំណាង​ឲ្យ​មន្ត្រី​នគរបាល​ចំនួន​ដល់​ទៅ ៧៦៥ នាក់ ឋានៈ​ចាប់​ពី​ថ្នាក់​អនុសេនីយ៍​រហូត​ដល់​ឧត្ដមសេនីយ៍​ដែល សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណ​។ ជា​មួយ​គ្នា​នេះ គណនីហ្វេសប៊ុក Sithy Heng បង្ហើប​ថា ពាក្យ​បណ្ដឹង​នឹង​ទៅ​ដល់​ដៃ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​មករា ឆ្នាំ ២០២៥​។

ទោះបី​ជា​បុគ្គល​នេះ​អះអាង​ដូច​ខាង​លើ​ក្ដី ប៉ុន្តែ​គេ​មិន​ឃើញ​មាន​បង្ហាញ​អំណះអំណាង ឬ​ភស្តុតាង​ជាក់លាក់​ណា​មួយ​ឡើយ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.