ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅទីក្រុង Los Angeles បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងបំផ្លិតបំផ្លាញអគាររាប់រយខ្នង ដោយក្រុមអ្នកជួយសង្រ្គោះ និងមន្រ្តីពន្លត់អគ្គិភ័យ ត្រូវបញ្ជូនទៅកន្លែងកើតហេតុបន្ថែមទៀត កាលពីថ្ងៃពុធ ខណៈមនុស្សជាង ៧០,០០០នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥។

ខ្យល់បក់បោកខ្លាំងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ ដែលបានឆាបឆេះយ៉ាងឆាប់រហ័សចាប់តាំងពីថ្ងៃអង្គារ សប្ដាហ៍នេះ។ បញ្ហាកង្វះទឹកក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងបាញ់ពន្លត់ភ្លើងផងដែរ ជាពិសេសនៅតំបន់ Pacific Palisades ដែលជាតំបន់ឆ្នេរដ៏ធំ ហើយភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជិត ៤,៨៥៦ហិកតា។



ប្រធាននាយកដ្ឋានទឹក និងថាមពល ក្រុង Los Angeles លោកស្រី Janisse Quinones បានឱ្យដឹងថា ប្រព័ន្ធទឹករបស់ទីក្រុង ពឹងផ្អែកលើធុងស្តុកធំៗ ចំនួន៣ ដែលធុងនីមួយៗផ្ទុកទឹកបានប្រមាណ ៣,៧៨លានលីត្រ ខណៈទឹកសម្រាប់យកមកទប់ទល់នឹងភ្លើងឆេះ មិនអាចបំពេញតម្រូវការបានទេ។



សូមជម្រាបថា តំបន់ Pacific Palisades នេះគឺជាតំបន់ដ៏ប្រណិត ដែលស្ថិតនៅភាគខាងលិចទីក្រុង Los Angeles មានផ្ទះរបស់តារាភាពយន្ដ ពិធីករ ពិធីការិនីទូរទស្សន៍ និងក្រុមតន្រ្តីជាច្រើន។ យ៉ាងណាម៉ិញ សំណង់ជាង ១,០០០ខ្នងបានរងនូវការឆាបឆេះ ដែលវាក្លាយជាគ្រោះអគ្គិភ័យដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុងមួយនេះ៕
ចុចអាន៖ អាជ្ញាធរជម្លៀសប្រជាជនរាប់ម៉ឺននាក់ ក្រោយភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅទីក្រុង Los Angeles

