វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃពុធ នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចចិត្តលុបចោលការធ្វើដំណើរដែលបានគ្រោងទុករបស់លោកទៅកាន់ប្រទេសអ៊ីតាលី ដើម្បីផ្តោតលើការដឹកនាំការឆ្លើយតបរបស់សហព័ន្ធ ចំពោះភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃដដែល លោក Biden បានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយធំមួយសម្រាប់រដ្ឋកាលីហ្វ័រញ៉ា និងបានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធដើម្បីបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះរដ្ឋ និងមូលដ្ឋាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ និងខ្យល់បក់បោកចាប់ផ្តើមកាលពីថ្ងៃអង្គារ។

លោក Biden បានសរសេរនៅលើគេហទំព័រ X ថា «យើងបានត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាង ដើម្បីទប់ស្កាត់ភ្លើងឆេះនៅរដ្ឋ California ភាគខាងត្បូង។

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ភ្លើងឆេះព្រៃធំៗ ជាច្រើនបានឆាបឆេះនៅទូទាំងក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា ដែលជាស្រុកដែលមានប្រជាជនច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងបំផ្លាញអគារយ៉ាងហោចណាស់ ១,១០០ខ្នង។

ទាក់ទិននឹងបញ្ហានេះ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃអង្គារ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះសម្បែង ដោយសារតែភ្លើងឆេះព្រៃដ៏លឿននៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាមួយនេះ៕

