ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីអ្នកមើលថែនៅឧទ្យានសួនសត្វព្រៃការពារ និងភូតគាម «ភ្នំតាម៉ៅ» ឥលូវនេះកូនដំរីលំផាត់រំពឹងថានឹងឆាប់ជាសះស្បើយជើង១០០% នៅមុនកាលកំណត់។ នេះតាមការឱ្យដឹងពី លោកទ្រី ស៊ីថេង ប្រធានថែរក្សាសត្វភ្នំតាម៉ៅ ប្រាប់សារព័ត៌មានត្រយង កាលពីថ្ងៃទី៨ មករា ២០២៥។

ភាពសោកសៅព្រាត់ប្រាស់ម្ដាយ ដោយសារ លំផាត់ ជាប់អន្ទាក់ព្រានព្រៃ ហើយមករស់នៅសួនសត្វភ្នំតាម៉ៅ រយៈពេលជិត១ខែនេះ លោក កុសល់ គឺជាអ្នកថែលំផាត់ ដោយដើរតួជាម្ដាយផង ឪពុកលំផាត់ផង មើលថែ២៤ម៉ោងលើ២៤ម៉ោង ផ្ដល់ទឹកដោះគោ (ម្សៅទឹកដោះគោលាយទឹកសុទ្ធ ១ថ្ងៃលំផាត់ត្រូវការ១៦ទៅ១៧លីត្រ) និងការលៀងរបួសជើងរៀងរាល់ថ្ងៃ (១ថ្ងៃលៀង១ដង រៀងរាល់ព្រឹក) ធ្វើឲ្យលំផាត់មានភាពកក់ក្ដៅ និងជើងឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ។ «ខ្ញុំគិតថាលំផាត់ត្រូវចំណាយពេលព្យាបាលយ៉ាងហោច៤ទៅ៥ខែ ប៉ុន្ដែមិនដូច្នោះទេ លំផាត់អាចជាឆាប់ៗនេះ យ៉ាងយូរ១ខែអីទៀតជាហើយ» លោកទ្រី ស៊ីថេង បន្ថែម។

ថ្វីបើលំផាត់មានស្ថានល្អប្រសើរ ឬជាសះស្បើយ១០០%ហើយក្ដី ក៏លំផាត់ទំនងជាមិនអាចវិលទៅរកម្ដាយនៅឯព្រៃវិញឡើយ ដោយសារ កូនដំរី លំផាត់បានស៊ាំទៅនឹងជីវិត ដែលរស់នៅជាមួយមនុស្ស ហើយហ្វូងដំរីក៏ពិបាកទទួលយកលំផាត់ចូលក្រុមវិញដែរ។

១ខែរស់នៅភ្នំតាម៉ៅ កូនដំរីលំផាត់បានក្លាយជាតារារះសម្រាប់មហាជន ដែលចង់មកទស្សនាកម្សាន្ត ហើយសម្ដែងនៅក្ដីអាណិតអាសូរលំផាត់ និងចង់ឃើញលំផាត់មានជីវិតស្រស់ស្រាយ ម៉្លោះហើយអ្នកមកទស្សនាមិនត្រឹមតែមកមើលលំផាត់នោះទេ តែកូនដំរីកំសត់ព្រាត់ម្ដាយដែលទើបមានអាយុ៥ខែមួយនេះ តែងទទួលបានអំណោយជាហូរហែរពីភ្ញៀវ ជាពិសេសទឹកដោះគោ ព្រោះលំផាត់នៅតូច ចំណីល្អបំផុត គឺបៅទឹកដោះគោ ដោយ២ម៉ោងបៅម្ដង។ លោកទ្រី ស៊ីថេង បន្ថែម។

សកម្មភាពមកទស្សនាលំផាត់ច្រើនកុះករបែបនេះ គឺជាសញ្ញាណល្អ ដែលបង្ហាញឲ្យឃើញថា ប្រជាជនខ្មែរយកចិត្តទុកដាក់ជីវិតសត្វព្រៃ ហើយឥទ្ធិពលនេះនឹងផ្សព្វផ្សាយឲ្យកាន់តែខ្លាំងឡើងដល់ប្រជាជនផ្សេងទៀត បញ្ឈប់សកម្មភាពហូបសត្វព្រៃ ងាកមកថែរក្សាសត្វព្រៃ និងការស្រឡាញ់បរិស្ថាន។

ទន្ទឹមនឹងនេះ លោកទ្រី ស៊ីថេង សង្ឃឹមថា ការផ្សព្វផ្សាយពីបងប្អូនលើបណ្ដាញសង្គម អំពីជីវិតរបស់លំផាត់ នឹងកាន់តែឲ្យគេស្គាល់ភ្នំតាម៉ៅ និងមកទស្សនាកម្សាន្តភ្នំតាម៉ៅកាន់តែច្រើនបន្ថែមទៀត ដែលធ្វឱ្យសួនសត្វមានចំណូលដើម្បីជួយសត្វផ្សេងទៀតនៅភ្នំតាម៉ៅ និងការហុចចំណូលដល់សហគមន៍ ដែលជាអាជីវករលក់ដូរ នៅក្នុងបរិវេណសួនសត្វភ្នំតាម៉ៅផងដែរ។

សូមជម្រាបថា «លំផាត់» គឺជាកូនដំរីទី២ហើយ ដែល មជ្ឈ មណ្ឌល សង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ទទួលមកព្យាបាល និង ថែរក្សា។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ កូនដំរីញីមួយក្បាល ឈ្មោះ «ចាណាម» ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង បរិស្ថាន ព្រមទាំងអង្គការជាដៃគូ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កា ត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Share.