នៅមិនឆ្ងាយពីរាជធានីភ្នំពេញ រមណីយដ្ឋានទន្លេបាទី ស្ថិតនៅក្នុងខេត្តតាកែវ នៅតែជារមណីយដ្ឋានដ៏ទាក់ទាញមួយ ដែលរួមបញ្ចូលគ្នានូវសម្រស់ធម្មជាតិ ការទស្សនាប្រាសាទបុរាណ និងការសម្រាកលំហែកាយនៅចុងសប្ដាហ៍។
សូមចុចអាន៖ ហេតុផលអ្វីខ្លះ អ្នកគប្បីចំណាយពេលទៅកម្សាន្តនៅរមណីយដ្ឋានទន្លេបាទី?

លោក ជឹម សារិន លេខាសហគមន៍ទេសចរណ៍ ទន្លេបាទី បានលើកឡើងថា រមណីយដ្ឋានទេសចរណ៍ទន្លេបាទី ជាទីតាំងល្អ ព្រោះជាតំបន់កម្សាន្តបែបធម្មជាតិ និងវប្បធម៌។ នៅទីនេះមានប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ និងបឹងទន្លេបាទី ហើយមានកញ្ចុះសរុប២៤៤ សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្ត។ ទន្ទឹមនឹងនេះរមណីយដ្ឋានទន្លេបាទី មានម្ហូបឆ្ងាញ់ ហើយភ្ញៀវមកដល់ហើយរមែងហៅមុខម្ហូប កកូរត្នោត ដែលជាមុខម្ហូបប្រចាំនៅទីនេះ។ សព្វថ្ងៃនេះភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានទន្លេបាទី ចន្លោះពី៤០០ទៅ៥០០នាក់ នៅរៀងរាល់ចុងសប្ដាហ៍។ លោក ជឹម សារិន បន្ថែម។
សូមចុចអាន៖ ដំណឹងល្អ! ជើងកូនដំរី លំផាត់ ជិតជាសះស្បើយ ១០០%ហើយ

លោកបានឱ្យដឹងទៀតថា ភ្ញៀវមករមណីយដ្ឋានទេសចរណ៍ទន្លេបាទី គឺឡាន១ តម្លៃ៥ពាន់រៀល ឯភ្ញៀវបរទេសតម្លៃ២ដុល្លារ ដែលថវិកានេះសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍរមណីយដ្ឋានដូចជាការថែទាំផ្លូវ និងការសម្អាតបរិស្ថានជាដើម។ ឯតម្លៃម្ហូបអាហារមានការកំណត់ឱ្យបានត្រឹមត្រូវនៅក្នុងតារាងដើម្បីផ្ដល់ទំនុកចិត្តដល់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ។
សូមចុចអាន៖ មកដឹងពីប្រវត្តិ ប្រាសាទភ្នំជីសូរ អាយុកាលជាង១ពាន់ឆ្នាំ

លោក ប៉ុន សាឡុង អនុប្រធានការិយាល័យព័ត៌មានទេសចរ និងផ្សព្វផ្សាយទេសចរ នៃមន្ទីរទេសចរណ៍ខេត្តតាកែវ បានលើកឡើងដែរថា មន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការរបស់ក្រសួងតែងតែចុះណែនាំដល់សហគមន៍លើការពង្រឹងសេវា ការសម្អាតបរិស្ថាន និងការហាមមិនឱ្យលក់ដូរតម្លៃលើពីតារាងកំណត់របស់សហគមន៍នោះទេ ធ្វើដូចនេះដើម្បីផ្ដល់ទំនុកចិត្ត និងស្រូបភ្ញៀវទេសចរមកកម្សាន្តរមណីយដ្ឋានទន្លេបាទីកាន់តែច្រើន។ «អ្វីដែលគួរឱ្យកត់សម្គាល់នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ភ្ញៀវទេសចរមកកម្សាន្តរមណីយដ្ឋានទន្លេបាទី មានការកើនឡើង»។ លោក ប៉ុន សាឡុងបន្ថែម។



សូមជម្រាបជូនថា នៅមិនឆ្ងាយពីរាជធានីភ្នំពេញ រមណីយដ្ឋានទន្លេបាទីមាន ស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បើយើងធ្វើដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ២ មានចំងាយប្រហែល៣០គីឡូម៉ែត្រនោះ និងឃើញក្លោងទ្វារប្រាសាទមួយនៅខាងលិចផ្លូវជាតិ កាត់លើដងផ្លូវកៅស៊ូខ្មៅក្រឹប ចម្ងាយជាង១គីឡូម៉ែត្រ ឃើញផ្ទាំងបាណូមួយយ៉ាងធំមានរូបប្រាសាទ ដោយរំលេចអក្សរថា «ប្រាសាទតាព្រហ្មរមណីយដ្ឋានទន្លេបាទី»៕
សូមទស្សនាវីដេអូ៖

