
បដាកាត់ទទឹងផ្លូវ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងធំៗប្រមាណជាពាក់កណ្ដាល ត្រូវបានដកចេញ ដើម្បីកាត់បន្ថយវត្តមាននៃការផ្សព្វផ្សាយរូបភាពបែបនេះ គគ្រឹកគគ្រេងពេក។ ប៉ុន្តែបញ្ហាប្រឈមមួយទៀតនៅតែកើតមាន គឺផ្ទាំងពាណិជ្ជកម្មតូចៗ គ្មានច្បាប់ទម្លាប់ របស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង ដែលតែងលបលួចដំឡើងនៅពេលយប់ តាមទីស្ងាត់ជាប់នឹងដងផ្លូវ។
នេះជាការលើកឡើងរបស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយក្រសួងទេសចរណ៍ ក្រោមប្រធានបទ ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា ការលួចដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្មានសណ្ដាប់ធ្នាប់ទាំងនេះ បានបង្កឲ្យកើតមានរូបអាក្រក់ និងបំពុលភ្នែកទេសចរណ៍យ៉ាងខ្លាំង។ ឯកឧត្ដមប្ដេជ្ញាថា ក្រុមការងារ នឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់បញ្ហានេះឲ្យបានយ៉ាងមានប្រសិទ្ធភាព។
ជាការកត់សម្គាល់ គេសង្កេតឃើញថា នៅតាមដងផ្លូវ និងទីប្រជុំជននៃបណ្ដាខេត្ត ក្រុងនានា ជាពិសេសខេត្តគោលដៅទេសចរណ៍ បានបក លុប និងទម្លាក់រូបភាពធំៗនៃពាណិជ្ជកម្មគ្រឿងស្រវឹង នៅលើបដា និងផ្ទាំងផ្សព្វផ្សាយ ដោយជំនួសមកវិញដោយរូបភាពគាំទ្រគម្រោងអភិវឌ្ឍន៍ជាតិ សក្ដានុពលទេសចរណ៍ក្នុងខេត្ត និងផលិតផលមិនមែនគ្រឿងស្រវឹង។ ចំណែកផ្ទាំងមួយចំនួនទៀតក៏ទុកឲ្យនៅទទេចោលសិន។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ ។ ក្រុមការងារនេះមានភារកិច្ចមួយចំនួនដូចជា៖
- ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង
- តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង
- កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបាន កិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត
- រៀបចំសណ្ដាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព
- ធ្វើរបាយការណ៍លទ្ធផលជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
អត្ថបទ៖ ឈិន ធារ៉ាត់

