ខ្យល់ព្យុះ Santa Ana ត្រូវបានគេព្យាករណ៍ថានឹងបោកបក់នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យបាន និងកំពុងព្យាយាមបាញ់ពន្លត់ភ្លើងឆេះព្រៃ និងឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងសំណង់អាជីវកម្មផ្សេងៗទៀតជាង ១០,០០០ខ្នង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។



សេវាអាកាសធាតុជាតិបាននិយាយនៅក្នុងការព្រមានទង់ក្រហមរបស់ខ្លួនថា «ព្រឹត្តិការណ៍នៃខ្យល់ព្យុះ Santa Ana ដ៏ខ្លាំងមួយ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារ» ដោយបន្ថែមថា «សំណើមខ្យល់នឹងធ្លាក់ចុះយ៉ាងខ្លាំង ដែលអាចនឹងបង្កហានិភ័យខ្ពស់សម្រាប់លក្ខខណ្ឌអាកាសធាតុ បណ្ដាលឱ្យមានអគ្គីភ័យធ្ងន់ធ្ងរ និងការឆេះរីករាលដាលយ៉ាងឆាប់រហ័ស»។

យោងតាមការិយាល័យសេវាកម្មអាកាសធាតុនៅទីក្រុង Los Angeles បានឱ្យដឹងថា ល្បឿនខ្យល់ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ ៨០ទៅជាង ១១២គីឡូម៉ែត្រក្នុងមួយម៉ោងនៅតាមឆ្នេរសមុទ្រ និងជ្រលងភ្នំ ខណៈខ្យល់បក់ពី ៩៦ ទៅ ១២៨គីឡូម៉ែត្រ ក្នុងមួយម៉ោង បក់ឆ្លងកាត់ភ្នំ និងជើងភ្នំនៃទីក្រុង Los Angeles និង Ventura ។



យ៉ាងណាម៉ិញ សេវាកម្មអាកាសធាតុជាតិបានព្រមាន ឱ្យប្រជាជនប្រុងប្រ័យត្នចំពោះបរិស្ថានជុំវិញ និងត្រៀមខ្លួនដើម្បីជម្លៀសចេញផងដែរ។
បញ្ហាខ្យល់ព្យុះនេះ បានធ្វើឱ្យក្រុមអ្នកពន្លត់អគ្គិភ័យ រួមទាំងប្រជាជនមានការព្រួយបារម្ភអំពីការប្រឈមនឹងភ្លើ់ងឆេះព្រៃដែលអាចនឹងឆេះធ្ងន់ធ្ងរឡើងវិញ បន្ទាប់ពីសោកនាដកម្មនេះបានសម្លាប់មនុស្សជាច្រើននាក់ និងបំផ្លាញទីក្រុងរបស់អាមេរិកមួយនេះជាប្រវត្តិសាស្រ្ត៕

