តៃប៉ិ៖ យោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័របានវាយប្រហារកោះតៃវ៉ាន់នាថ្ងៃអង្គារ នេះ ខណៈទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា មានមនុស្សចំនួន ២៧នាក់បានរងរបួស ដោយបង្កឱ្យមានការរអិលបាក់ដី និងបណ្តាលឱ្យបាក់រលំពិដានផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

អ្នកកាសែត AFP ម្នាក់នៅទីក្រុងតៃប៉ិ ក៏ស្ថិតក្នុងហេតុការណ៍រញ្ជួយដីដែលកើតមានភ្លាមៗ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ នេះ ដោយទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ចំណុចកណ្ដាលនៃការការរញ្ជួយដីបានកើតឡើង នៅចម្ងាយ ១២គីឡូម៉ែតពីស្រុកចម្ការស្វាយ Yujing ភាគខាងត្បូងកោះតៃវ៉ាន់។

ក្រុមអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះមនុស្ស ៣នាក់ រួមទាំងកុមារម្នាក់ដែលជាប់នៅក្នុងផ្ទះដែលដួលរលំនៅក្នុងស្រុក Nanxi ក្បែរនោះ នេះបើយោងតាមវីដេអូដែលបានបង្ហោះនៅលើ Facebook និងផ្ទៀងផ្ទាត់ដោយ AFP បានបង្ហាញឱ្យឃើញ។

អាជ្ញាធរបាននិយាយថា នៅកន្លែងផ្សេងទៀត មនុស្សម្នាក់បានរងរបួសដោយសារតែកំទេចកំទីធ្លាក់លើ ខណៈមនុស្ស ២នាក់ទៀត ត្រូវបានគេរាយការណ៍ថាបានជាប់នៅក្នុងជណ្តើរយន្តនៅពេលរញ្ជួយដី។

ទន្ទឹមនោះ ក្រសួងសុខាភិបាល បានឱ្យដឹងថា ការរញ្ជួយដីនេះបានធ្វើឱ្យមនុស្ស ២៧នាក់រងរបួស។

ភ្នាក់ងារពន្លត់អគ្គីភ័យជាតិបាននិយាយថា ពិដានផ្ទះជាច្រើនខ្នងបានដួលរលំ ខណៈផ្លូវថ្នល់នានាត្រូវបានបិទដោយផ្ទាំងថ្មធ្លាក់ចុះ និងការបាក់ដី។ ប៉ុន្តែទីភ្នាក់ងារនេះបានរាយការណ៍ថា «មិនមានការខូចខាតធំដុំទេ»។

ដោយឡែក ទំនិញក្នុងហាងមួយកន្លែង នៅឯទីក្រុង Chiayi ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគខាងជើងស្រុក Yujing ក៏ធ្លាក់រប៉ាត់រប៉ាយផងដែរ ដោយសារតែរំញ័រពីការរញ្ជួយដីនោះ៕

ប្រភព៖ CNA

Share.