សិល្បៈជាតិ៖ រឿងក្ដៅគគុកដែល អ្នកនិយមទស្សនាភាពយន្តខ្មែរមានការចាប់អារម្មណ៍ នៅពេលដែលផលិតកម្មឈានមុខគេផ្នែកផលិតកុនគឺ LD Entertainment និង ក្រុមហ៊ុន អង្គរ ឌីស៊ី ឯ.ក បានកោះអញ្ជើញម្ចាស់គណនីយូធូប មួយរូបចូលខ្លួនមកដោះស្រាយករណីរំលោភលើកម្មសិទ្ធិបញ្ញា ដោយបានយករឿង ប្រវត្តិស្នេហ៍នាងនាថទៅ បញ្ចាំងលើអនឡាញដោយគ្មានការអនុញ្ញាត ឬព្រមព្រៀងពីម្ចាស់កម្មសិទ្ធិ។

នៅក្នុងខ្លឹមសារដែលត្រូវបានបង្ហោះជាសាធារណៈ នៃសេចក្ដីជូនដំណឹងពីផលិតកម្ម LD និង ក្រុមហ៊ុន Angkor Picture នោះគឺជាលិខិតកោះអញ្ជើញម្ចាស់លេខទូរស័ព្ទ 067 39 60 10 និងម្ចាស់គណនី យូធូបឈ្មោះ LB Gaming Sports ឱ្យចូលខ្លួនមកជួបដើម្បីដោះស្រាយជាមួយក្រុមហ៊ុន ដោយសារតែម្ចាស់គណនីយូធូបរូបនេះ បានលួចយកវីដេអូ ខ្សែភាពយន្តខ្នាតធំរឿង ប្រវត្តិស្នេហ៍នាងនាថ យុវវ័យក្រោយសម័យអង្គរ ពីក្នុង App Angkor DC ទៅ Post ឬបង្ហោះ ក្នុងយូធូបរបស់ខ្លួនកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ដោយគ្មានសុំការអនុញ្ញាតពីក្រុមហ៊ុន។
នៅក្នុងសេចក្ដីជូនដំណឹង ក៏ដូចជាលិខិតកោះអញ្ជើញនោះដែរ បានបញ្ជាក់នូវខ្លឹមសារដាច់អហង្ការផងដែរថា ប្រសិនម្ចាស់គណនីខាងលើ មិនមកជួបគ្នាដើម្បីដោះស្រាយទេនោះ ក្រុមហ៊ុននឹងបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

អំពើលួចចម្លង និងចែកចាយបន្តនូវស្នាដៃដើម ដែលម្ចាស់ស្នាដៃខំផលិតនេះ មិនត្រឹមតែជាទង្វើខុស ច្បាប់នោះទេ តែក៏ជាទង្វើខ្វះក្រមសីលធម៌ មិនគោរពចំពោះការខិតខំប្រឹងប្រែងគិតគូរ និងផលិតទម្រាំបានចេញជាស្នាដៃមួយយ៉ាងលំបាក។ ក្រោយពីមានវិធានការក្ដៅរបស់ក្រុមហ៊ុន Angkor DC និងផលិតកម្ម LD សង្ឃឹមថានឹងអាចទប់ស្កាត់ករណីដូចឬស្រដៀងនេះ ដើម្បីលើកកម្ពស់ដល់អ្នកខំប្រឹងបង្កើតស្នាដៃ៕

