អ៊ីស្តង់ប៊ុល៖ អគ្គិភ័យឆាបឆេះសណ្ឋាគារ មួយកន្លែងនៅឯរមណីយដ្ឋានជិះស្គីដ៏ល្បីល្បាញមួយនៅភាគខាងជើងប្រទេសតួកគី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦នាក់ ខណៈភ្ញៀវជាច្រើនទៀតបានលោតចេញតាមបង្អួច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥។

អគ្គិភ័យនេះបានឆាបឆេះនៅវេលាម៉ោង ៣:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ក្នុងទីក្រុង Kartalkaya ជាកន្លែងដែលមានភ្ញៀវទេសចរទៅលេងកម្សាន្ដច្រើនពេលរដូវរងា។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយកាលពីយប់ថ្ងៃអង្គារ ថា «ក្នុងចំណោមភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារខាងលើនេះចំនួន ២៣៨នាក់ ជាអកុសលមានមនុស្សចំនួន ៧៦ស្លាប់ ខណៈភ្ញៀវជាច្រើននាក់ទៀតព្យាយាមគេចខ្លួនពីអណ្ដាតភ្លើងតាមបង្អួច។ រហូតមកដល់ពេលនេះ ជនរងគ្រោះចំនួន ៥២នាក់ត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមជំនាញកោសល្យវិច្ច័យ»។ លោកបន្ដថា «សាកសពជនរងគ្រោះភាគច្រើនបានប្រគល់ជូនក្រុមគ្រួសាររួចរាល់ហើយ»។



ទាក់ទិននឹងបញ្ហានេះ លោក Yerlikaya បាននិយាយថា មនុស្ស ៩នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអគ្គិភ័យនេះ ដោយក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុនៃការឆេះ ការធ្វេសប្រហែសដែលអាចកើតមាន និងស្វែងរកអ្នកទទួលខុសត្រូវ។ ក្នុងចំណោមអ្នកដែលស្ថិតក្រោមការស៊ើបអង្កេត ក៏មានម្ចាស់សណ្ឋាគារដែរ។

